យោងតាមសារព័ត៌មាន Sky News ចុះផ្សាយថ្ងៃទី១១ ខែឧសភាបានអោយដឹងថា រដ្ឋាភិបាលអាហ្រ្វិកខាងត្បូងធ្លាប់បានបញ្ជាក់ជាច្រើនសាហើយថា ខ្លួនមានជំហរអព្យាក្រឹតចំពោះសង្គ្រាមនៅអ៊ុយក្រែន ប៉ុន្តែការបង្ហាញភាពស្និទ្ធស្នាលរបស់ពួកគេជាមួយរុស្ស៊ីនាពេលថ្មីៗនេះ បានទាក់ទាញការចាប់អារម្មណ៍ពីប្រទេសដទៃឱ្យមានការចោទប្រកាន់ថា ពួកគេកំពុងជ្រើសរើសចូលខ្លួនជាមួយភាគីមូស្គូយ៉ាងពេញលេញហើយ។ ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំប្រទេសអាហ្រ្វិកខាងត្បូងបានចោទប្រកាន់ប្រទេសនេះថាបានផ្តល់សព្វាវុធ និងគ្រាប់រំសេវដល់រុស្ស៊ីសម្រាប់សង្គ្រាមរបស់រុស្ស៊ីក្នុងប្រទេសអ៊ុយក្រែនតាមរយៈកប៉ាល់ដឹកទំនិញដែលបានចូលចតដោយសម្ងាត់នៅឯមូលដ្ឋានទ័ពជើងទឹកក្បែរទីក្រុង Cape Town រយៈពេលបីថ្ងៃក្នុងខែធ្នូ។ ឯកអគ្គរដ្ឋទូតលោក Reuben Brigety បាននិយាយថា សហរដ្ឋអាមេរិកប្រាកដចិត្តថា សម្ភារៈបរិក្ខារទាំងនោះពិតជាត្រូវបានផ្ទុកនៅលើកប៉ាល់រុស្ស៊ីនៅឯមូលដ្ឋានទ័ពជើងទឹក Simon's Town ពិតមែន រួចមកក៏ត្រូវបានដឹកជញ្ជូនទៅកាន់ប្រទេសរុស្ស៊ី នេះបើយោងតាមរបាយការណ៍នៃការអត្ថាធិប្បាយរបស់លោកពីសារព័ត៌មានជាច្រើននៅអាហ្វ្រិកខាងត្បូង។ ឯកអគ្គរដ្ឋទូតបាននិយាយថាការចោទប្រកាន់ពីបទប្រដាប់អាវុធរស្ស៊ីនេះគឺពិតជាការចោទប្រកាន់មួយដែលធ្ងន់ធ្ងរខ្លាំង និងបានបណ្តាលអោយមានមន្ទិលចោទសួរឡើងម្តងទៀតពីជំហរអព្យាក្រឹតរបស់អាហ្វ្រិកខាងត្បូងនៅក្នុងសង្គ្រាមនៅអ៊ុយក្រែន។ ប្រធានាធិបតីរបស់ប្រទេសនេះ លោក Cyril Ramaphosa បាននិយាយថា ការស៊ើបអង្កេតកំពុងដំណើរការ។ នៅពេលត្រូវបានសួរនៅក្នុងសភាអំពីរឿងអាវុធ និងគ្រាប់រំសេវ លោកប្រធានាធិបតីបានឆ្លើយថា "បញ្ហានេះកំពុងត្រូវបានពិនិត្យ ហើយក្នុងពេលឆាប់ៗនេះ យើងនឹងអាចនិយាយអំពីវា" ។ លោក Brigety ត្រូវបានដកស្រង់សម្តីក្នុងសន្និសីទកាសែតក្នុងទីក្រុង Pretoria ថា "ក្នុងចំណោមអ្វីដែលសហរដ្ឋអាមេរិកបានកត់សម្គាល់"គឺការចូលចតរបស់កប៉ាល់ដឹកទំនិញនៅក្នុងមូលដ្ឋានទ័ពជើងទឹក Simon's Town ចន្លោះពីថ្ងៃទី ៦ ដល់ទី ៨ ខែធ្នូ ឆ្នាំមុន ដែលត្រូវបានជឿជាក់ថាមានផ្ទុកដោយសព្វាវុធ និងគ្រាប់រំសេវ ខណៈដែលវាធ្វើដំណើរត្រឡប់ទៅប្រទេសរុស្ស៊ីវិញ" ។ គួរបញ្ជាក់ថារដ្ឋាភិបាលអាហ្រ្វិកខាងត្បូង ដែលជាដៃគូសំខាន់សម្រាប់សហរដ្ឋអាមេរិកនៅអាហ្វ្រិក បាននិយាយជាច្រើនដងថាខ្លួនមានជំហរអព្យាក្រឹតចំពោះសង្គ្រាមនៅអ៊ុយក្រែន។ នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយនៅពេលក្រោយកាលពីថ្ងៃព្រហស្បតិ៍ ការិយាល័យរបស់លោក Ramaphosa បានទទួលស្គាល់កប៉ាល់រុស្ស៊ីមួយដែលមានឈ្មោះថា Lady R ពិតជាបានចូលចតនៅអាហ្វ្រិកខាងត្បូងមែន ប៉ុន្តែការិយាល័យមិនបានប្រាប់ថា កន្លែងណា ឬគោលបំណងនៃការឈប់នេះគឺអ្វីនោះទេ។ ដោយសារការដាក់ទណ្ឌកម្ម ការផ្គត់ផ្គង់គ្រាប់រំសេវបានក្លាយជាបញ្ហាសម្រាប់រុស្ស៊ីនៅក្នុងសង្គ្រាម។ ចំណែកក្រោយមក អាហ្រ្វិកខាងត្បូងក៏បានអនុញ្ញាតឱ្យនាវាចម្បាំងពីកងទ័ពជើងទឹករុស្ស៊ី និងចិនអាចធ្វើសមយុទ្ធនៅឆ្នេរសមុទ្រភាគខាងកើតរបស់ខ្លួនបាន។