ភ្នំពេញ៖ កីឡាករ កីឡាការិនី កម្ពុជា ចំនួន១៤រូប បានទទួលជ័យលាភីមេដាយមាស១៤គ្រឿង ក្នុងចំណោមមេដាយមាស សរុបចំនួន១៩គ្រឿង លើវិញ្ញាសា គុនខ្មែរ ដែលបានប្រគួតក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ កាលពីល្ងាចថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣។ នៅក្នុងពិធីបំពាក់មេដាយមាស ដល់កីឡាករ កីឡាការិនី កាលពីល្ងាចម្សិលមិញ សម្តេចឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិ រៀបចំព្រឹត្តិការណ៍ស៊ីហ្គេម បានបង្ហាញអារម្មណ៍មោទកភាព ចំពោះកីឡាករ កីឡាការិនី ដែលប្រកួតប្រដាល់គុនខ្មែរ និងទទួលបានមេដាយមាស ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២។ សូមបញ្ជាក់ថា កាលពីល្ងាចថ្ងៃទី១១ ខែឧសភាឆ្នាំ ២០២៣ សម្តេចឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិ រៀបចំព្រឹត្តិការណ៍ស៊ីហ្គេម បានបំពាក់មេដាយមាសដល់កីឡាករ កីឡាការិនីកម្ពុជា គុនខ្មែរ ចំនួន៧រូប រួមមាន៖ ឈុត វ៉ាន់ថង, ឃួន ឡាំងកូស៊ិន, ឃុន បូរ៉ា, ទិត សោភ័ណ្ឌ, ឡៅចន្ទ្រា, រុំ សំណាង និងកីឡារិនី ទូចចាន់ វត្តី។ តាមរបាយការណ៍របស់គណៈកម្មាធិការជាតិ រៀបចំព្រឹត្តិការណ៍ស៊ីហ្គេម បានឱ្យដឹងថា គិតត្រឹមថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣នេះ កម្ពុជា ស្ថិតក្នុងលំដាប់លេខរៀងទី២ នៃតារាងមេដាយ នាព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ដោយក្នុងនោះទទួលបានមេដាយសរុបចំនួន១៥៤ រួមមាន៖ មេដាយមាស ចំនួន៥៦, មេដាយប្រាក់ ៤៤, និងមេដាយសំរឹទ្ធ ចំនួន៥៤គ្រឿង៕