គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣នេះ បានសម្រេចទទួលជាផ្លូវការលើពាក្យសុំចុះបញ្ជីរបស់គណបក្សចំនួន២ទៀត គឺគណបក្សឯកភាពជាតិខ្មែរ និងគណបក្សប្រជាធិបតេយ្យមូលដ្ឋាន។
ការទទួលស្គាល់នេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំដើម្បីពិនិត្យ និងសម្រេចលើពាក្យសុំចុះបញ្ជីរបស់គណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាល៧ នាព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣នេះ។
បើតាមគ.ជ.ប កិច្ចប្រជុំក្រោមអធិបតីភាពរបស់លោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប នោះគឺ ដើម្បីពិនិត្យ និងសម្រេចលើពាក្យសុំចុះបញ្ជីរបស់គណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះចំនួន២ និងសេចក្ដីណែនាំពាក់ព័ន្ធនឹងការឃោសនាបោះឆ្នោត និងសេចក្តីសម្រេចស្ដីពីការផ្ទេរឈ្មោះ អ្នកបោះឆ្នោតដែលជាបេក្ខជន សហព័ទ្ធ និងកូន សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣។
បន្ទាប់ពីបានពិនិត្យ និងពិភាក្សាយ៉ាងល្អិតល្អន់លើឯកសារអង្គប្រជុំ គ.ជ.ប បានសម្រេច៖
ទី១. ទទួលស្គាល់ជាផ្លូវការលើពាក្យសុំចុះបញ្ជីរបស់គណបក្សឯកភាពជាតិខ្មែរ ដែលមាន៧ មណ្ឌល រាជធានី ខេត្ត និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣។
ទី២. ទទួលស្គាល់ជាផ្លូវការលើពាក្យសុំចុះបញ្ជីរបស់ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ដែលមាន១២ មណ្ឌលរាជធានី ខេត្ត និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣។
ទី៣. កែសម្រួល និងឯកភាពជាគោលការណ៍លើសេចក្ដីណែនាំស្តីពីការបោះឆ្នោត និងការធ្វើសកម្មភាពចែកខិត្តបណ្ណនៅក្នុងផ្សាររបស់គណយក្សនយោបាយសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣។
ទី៤. កែសម្រួល និងឯកភាពជាគោលការណ៍លើសេចក្ដីសម្រេចស្ដីពីការផ្ទេរឈ្មោះអ្នក បោះឆ្នោតដែលជាបេក្ខជន សហព័ទ្ធ និងកូនក្នុងបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២២ សម្រាប់បម្រើឱ្យការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣។
លោក ប្រាជ្ញ ចន្ទ បានបញ្ជាក់ថា គិតត្រឹមថ្ងៃព្រហស្បតិ៍ ទី១១ ខែឧសភា ឆ្នាំ២០២៣ នេះ គ.ជ.ប បានសម្រេចទទួលស្គាល់ជាផ្លូវការលើការចុះបញ្ជីរបស់គណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះចំនួន១៣ហើយ។ ចំណែកគណបក្សនយោបាយចំនួន៧ទៀត អង្គភាពជំនាញកំពុងពិនិត្យ និងអនុវត្តតាម នីតិវិធីនៃការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ ដើម្បីដាក់ជូន គ.ជ.ប សុំការពិនិត្យ និងសម្រេច។
ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣នេះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ហើយសម្រាប់ដំណើរការទទួលពាក្យចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ រយៈពេល១៥ថ្ងៃ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣នេះ មានគណបក្សនយោបាយចំនួន២០បានស្នើសុំចុះបញ្ជី៕