ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា តម្លៃប្រេងឥន្ធនៈ នៅកម្ពុជា ត្រូវបានកំណត់ចុះថ្លៃបន្តិច បើធៀបជាមួយការលក់កាលពីសប្ដាហ៍កន្លងទៅ។ យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម បានឱ្យដឹងនៅថ្ងៃទី១១ ខែឧសភានេះថា តម្លៃប្រេងឥន្ធនៈ ដែលត្រូវលក់នៅកម្ពុជា ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២ នឹងត្រូវលក់ ៤.១០០ រៀល/ក្នុង១លីត្រ សម្រាប់សាំងធម្មតា EA92 និង ៣,៨០០ រៀល/ក្នុង១លីត្រ សម្រាប់ប្រេងម៉ាស៊ូត។ គួរកត់សម្គាល់ថា តម្លៃលក់រាយសម្រាប់សាំងធម្មតានេះ បានចុះថ្លៃ ១០០រៀល ក្នុង១លីត្រ ខណៈប្រេងម៉ាស៊ូត គឺចុះថ្លៃ ១,៥០រៀល ក្នុង១លីត្រ ខណៈកាលពីកន្លងទៅតម្លៃប្រេងសាំងលក់ក្នុងតម្លៃ ៤,២០០ រៀល/ក្នុង១លីត្រ សម្រាប់សាំងធម្មតា EA92 និង ៣,៩៥០ រៀល/ក្នុង១លីត្រសម្រាប់ប្រេងម៉ាស៊ូត DO 50ppm ។ មន្រ្តីជាន់ខ្ពស់កម្ពុជា ធ្លាប់បានឲ្យដឹងថា សព្វថ្ងៃនេះ ការប្រើប្រាស់ប្រេងឥន្ធនៈនៅកម្ពុជា មានចំនួនប្រហាក់ប្រហែល ១៩ម៉ឺនលីត្រ នៅក្នុងមួយខែៗ និងមានការកើនឡើងជាបន្តបន្ទាប់ ប៉ុន្តែកម្ពុជាមិនប្រឈមការខ្វះខាតនោះទេ ដោយសារតែកិច្ចសហការដ៏ល្អ រវាងក្រសួងពាណិជ្ជកម្ម និងក្រុមហ៊ុនឯកជន ដែលនាំចូលប្រេង សុទ្ធតែបានរួមសហការគ្នាទៅវិញទៅមក ធ្វើយ៉ាងណាធានាឲ្យបរិមាណប្រេងគ្រប់គ្រាន់សម្រាប់លក់ និងតម្លៃសមរម្យអាចទទទួលយកបានទាំងសងខាង រវាងអ្នកលក់ និងទិញយកទៅប្រើប្រាស់៕