កីឡាការិនីជើងឯកស្នូកឃ័រសញ្ជាតិកម្ពុជា ដែលមានមូលដ្ឋាននៅប្រទេសកូរ៉េ អ្នកនាងស្រួង ភាវី មានប្រជាប្រិយភាពយ៉ាងខ្លាំងទាំងនៅប្រទេសកូរ៉េ កម្ពុជា និងនៅលើបណ្តាប្រទេសផ្សេងៗទៀតជុំវិញពិភពលោក ដោយសារការចូលរួមប្រកួតយ៉ាងសកម្មរបស់នាងមិនថាឡើយនៅប្រទេសលោកខាងលិច រឺអាមេរិចនោះទេ។ ថវិកាដែលអ្នកនាងបានយកឈ្នះពីការប្រកួត មានមួយផ្នែកក៏ត្រូវបានឧបត្ថម្ភ រឺបរិច្ចាកទៅកាន់ប្រជាជនខ្សត់ខ្សោយដែលរស់នៅតាមភូមិស្រុកកំណើតរបស់នាងថែមទៀត ទើបធ្វើអោយរហ័សនាម Billiard Beauty របស់កម្ពុជារូបនេះ ដែលមានទាំងសំរស់ ភាពជឿជាក់ ភាពឈ្លៀសវៃ និងទឹកចិត្តប្រពៃសាងភាពទាក់ទាញយ៉ាងខ្លាំងអង្រួនចំំណាប់អារម្មណ៍អ្នកលេងនៅលើប្រព័ន្ធអ៊ីនធឺណែតជាពិសេសក្នុងយុទ្ធនាការមនុស្សធម៌ដើម្បីសង្គ្រោះមនុស្សជុំវិញរបស់នាងដោយពោរពេញទៅដោយក្តីអាណិតអាសូរ។
គួរបញ្ជាក់ផងដែរថា អ្នកនាងស្រួង ភាវី កើតនៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ១៩៩០ ត្រូវបានស្គាល់ថាជា“Billiard Beauty”របស់កម្ពុជា មានដើមកំណើតមកពីខេត្តត្បូងឃ្មុំ និងបានមករស់នៅក្នុងទីក្រុង Suwon ប្រទេសកូរ៉េខាងត្បូងអស់រយៈពេលជាង១០ ឆ្នាំមកហើយ និងប្រើរយៈពេល៧ឆ្នាំដើម្បីដុសខាត់វិជ្ជាកីឡាស្នូកឃ័ររបស់នាង។ បន្ទាប់ពីឈ្នះពានរង្វាន់ Blue One Resort LPBA Championship 2021 (ផ្នែកនារី) កាលពីចុងខែមិថុនាមកដែលយកឈ្នះលើកីឡាការិនីកូរ៉េរហ័សនាម “Little Devil Girl ” អ្នកនាងស្រួងភាវីក៏បានបន្តចូលរួមក្នុងការប្រកួតស្នូកឃ័រសម្រាប់ PBA Team League 2021-2022 ដែលជាព្រឹត្តិការណ៍ថ្មីដ៏ធំមួយទៀតនៅប្រទេសកូរ៉េ។ សមិទ្ធផលដែលនាងបានសម្រេចគឺជាមោទនភាពសម្រាប់ប្រជាជនកម្ពុជាទាំងមូល។ គួររំលឹកថាអ្នកនាងធ្លាប់ទទួលបានមេដាយយ៉ាងហោចណាស់ចំនួន20រួចមកហើយចាប់តាំងពីឆ្នាំ2016មក ហើយបានជាប់ចំណាត់ថ្នាក់លេខ 3 ក្នុងការប្រកួត World Women 3 Cushion Tournament ក្នុងឆ្នាំ2018 និង 2019 ផងដែរ។ ចំណែកនៅក្នុងព្រឹត្តិការណ៍ Sea Games ឆ្នាំ2023កាលពីពេលថ្មីៗនេះផងដែរ អ្នកនាងស្រួងភាវីក៏ទើបតែដណ្តើមយកបានមេដាយមាសជូនប្រទេសកម្ពុជាថែមទៀត ដែលបានយកឈ្នះនាំមុខលើកីឡាការិនីវៀតណាមមួយរូប។