ភ្នំពេញ៖ កីឡាការនី បូ សំណាង ដែលទទួលនូវការចាប់អារម្មណ៍ខ្លាំងពីមហាជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ក្នុងពេលចូលរួមប្រកួតលើវិញ្ញាសារត់ចម្ងាយ ៥ ០០០ម៉ែត្រ នៅពហុកីឡដ្ឋានជាតិ មរតកតេជោ កំពុងទទួលបានការអាណិតអាសូរ និងការផ្ដល់ថវិកាពីរាជរដ្ឋាភិបាល និងសប្បុរសជនជាបន្តបន្ទាប់។ ជាក់ស្ដែងនៅរសៀលថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានប្រកាសផ្ដល់ថវិកា ចំនួន១ម៉ឺនដុល្លារ ដល់កីឡាការនី បូ សំណាង។ សម្ដេចតេជោ ហ៊ុន សែន បានឱ្យដឹងតាមបណ្តាញសង្គមថា ទោះជាសម្តេចកំពុងប្រជុំកំពូលអាស៊ាននៅឥណ្ឌូនេស៊ី តែសម្ដេចក៏នៅបន្តតាមដានការប្រកួតកីឡាស៊ីហ្គេម លើកទី៣២នៅកម្ពុជាបានដែរ។ សម្ដេចនាយករដ្ឋមន្រ្តី បានលើកឡើងថា រឿងដែលគួរឲ្យចាប់អារម្មណ៍ គឺកីឡាការិនី បូសំណាង រត់ក្រោមដំណក់ទឹកភ្លៀងរហូតដល់ទីបញ្ចប់ ទោះបីជាខ្លួនមិនជាប់ចំណាត់ថ្នាក់ក៏ដោយ។ សម្ដេចតរជោ បានលើកទឹកចិត្តសម្រាប់ការអត់ធ្មត់ ដោយជួយឧបត្ថម្ភ ថវិកាចំនួន១ម៉ឺនដុល្លារ (10,000$)។ គួរកត់សម្គាល់ថា ក្រៅពីការជួយឧបត្ថម្ភរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងនោះក៏មានសប្បុរសជនជាច្រើននាក់ទៀត ក៏បានប្រកាសឧបត្ថម្ភដល់កីឡាការិនី បូសំណាង ជាថវិកាច្រើនលានរៀលផងដែរ។ សូមបញ្ជាក់ថា កីឡាការិនី បូ សំណាង ត្រូវបានមហាជនចាប់អារម្មណ៍ខ្លាំង នៅអំឡុងពេលចូលរួមប្រកួតលើវិញ្ញាសារត់ចម្ងាយ ៥ ០០០ម៉ែត្រ នាពហុកីឡដ្ឋានជាតិមរតកតេជោ ដោយតស៊ូព្យាយាមរត់ដល់ទី ក្រោមដំណក់ទឹកភ្លៀង ទាំងមិនទទួលបានមេដាយ៕