គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រាប់គណបក្សភ្លើងទៀនថា គណបក្សនៅមិនទាន់បំពេញលក្ខខណ្ឌគ្រប់គ្រាន់ ដើម្បីចុះឈ្មោះចូលរួមការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នាពេលខាងមុខនេះឡើយ នេះបើតាមយោងតាមលិខិតចុះថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៣ របស់លោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប ដែលជម្រាបជូនប្រធានគណបក្សភ្លើងទៀន។
លិខិតរបស់លោក ទេព នីថា បានបញ្ជាក់ថា អនុលោមតាមច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ បទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ គ.ជ.ប បានពិនិត្យលើសំណុំលិខិតសុំចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ ២០២៣ របស់គណបក្សភ្លើងទៀន ឃើញថា ពុំទាន់បានបំពេញលក្ខណៈគ្រប់គ្រាន់នៅឡើយទេ។
ចំណុចខ្វះខាត ដែលគណបក្សត្រូវបំពេញបន្ថែមរួមមាន៖
ទី១, សេចក្តីចម្លងលិខិតបញ្ជាក់ការចុះបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ ដែលមានបញ្ជាក់នីស្យានុកូលកម្ម ដោយរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ចំនួនមួយច្បាប់។
ទី២, បេក្ខជនពេញសិទ្ធិលេខរៀងទី១ មណ្ឌលខេត្តកណ្ដាលឈ្មោះ រ៉ុង ឈុន ភេទប្រុស កើតថ្ងៃទី១៥ ខែកក្កដា ឆ្នាំ១៩៦៩ ត្រូវបានតុលាការផ្ដន្ទាទោសពីបទមជ្ឈឹម ហើយមិនទាន់មាននីតិសម្បទាឡើងវិញនៅឡើយទេ ដូច្នេះគណបក្សភ្លើងទៀន ត្រូវប្ដូរបេក្ខជនថ្មី បំពេញបន្ថែមជំនួសត្រង់បេក្ខជនពេញសិទ្ធិលេខរៀងទី១ មណ្ឌលខេត្តកណ្ដាល។
ទី៣, បង្កាន់ដៃបង់ប្រាក់តម្កល់ចំនួន១៥ លានរៀល ដែលចេញដោយអគ្គនាយកដ្ឋានរតនាគារជាតិ។
គួរបញ្ជាក់ថា ចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ ឆ្នាំ២០២៣ រយៈពេល១៥ថ្ងៃ ចាប់ពីថ្ងៃទី២៤ ខែមេសា ដល់ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៣ បានបញ្ចប់ហើយ ដោយមានគណបក្សនយោបាយចំនួន២០ បានស្នើសុំចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ។
ក្នុងចំណោមគណបក្សនយោបាយទាំង២០ គឺមានគណបក្សចំនួន១១ ត្រូវបានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ទទួលស្គាល់ជាផ្លូវការ និងគណបក្សចំនួន៩ទៀត គ.ជ.ប កំពុងពិនិត្យ។
គណបក្សនយោបាយចំនួន១១ ដែល គ.ជ.ប បានទទួលស្គាល់ជាផ្លូវការរួមមាន៖ គណបក្សប្រជាជនកម្ពុជា, គណបក្សយុវជនកម្ពុជា, គណបក្សខ្មែររួបរួមជាតិ, គណបក្សធម្មាធិបតេយ្យ, គណបក្សកម្លាំងប្រជាធិបតេយ្យ, គណបក្សសញ្ជាតិកម្ពុជា, គណបក្សខ្មែរតែមួយ, គណបក្សខ្មែរអភិរក្ស, គណបក្សហ៊្វុនស៊ិនប៉ិច, គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ និងគណបក្សបំណងពលរដ្ឋ។
ចំណែកគណបក្សនយោបាយចំនួន៩ទៀតដែលកំពុងពិនិត្យរួមមាន៖ គណបក្សឯកភាពជាតិខ្មែរ, គណបក្សស្ត្រីដើម្បីស្ត្រី, គណបក្សខ្មែរឈប់ក្រ, គណបក្សភ្លើងទៀន, គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច, គណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា, គណបក្សប្រជាធិបតេយ្យមូលដ្ឋាន៕