1. Zelensky ថារុស្ស៊ីនឹងត្រូវចាញ់ដូចណាស៊ី
យោងតាមសារព័ត៌មាន The Times of Israel ចុះផ្សាយថ្ងៃទី៨ ខែឧសភាបានអោយដឹងថាប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានប្តេជ្ញាកាលពីថ្ងៃចន្ទថាកងកម្លាំងរុស្ស៊ីនឹងត្រូវបានកម្ចាត់នៅក្នុងប្រទេសអ៊ុយក្រែនដូចដែលពួកណាស៊ីអាល្លឺម៉ង់ត្រូវបានកម្ចាត់ក្នុងឆ្នាំ 1945 ក្នុងអំឡុងពេលសុន្ទរកថារំលឹកដល់ការបញ្ចប់សង្គ្រាមលោកលើកទីពីរ។ សុន្ទរកថារបស់លោកដែលបានកត់ត្រានៅឯពិធីរំលឹកសង្រ្គាមក្នុងទីក្រុង Kyiv ត្រូវបានធ្វើឡើងមួយថ្ងៃមុនថ្ងៃជ័យជំនះនៅទីក្រុងមូស្គូ ដែលជាខួបសង្រ្គាមសូវៀតដែលត្រូវបានប្រារព្ធឡើងដោយក្បួនដង្ហែរបស់កងទ័ពឆ្លងកាត់ Red Square ដោយមានសន្តិសុខការពារយ៉ាងមានការប្រុងប្រយ័ត្នខ្ពស់។ ក្នុងពេលជាមួយគ្នានោះ កងកម្លាំងអ៊ុយក្រែនបាននិយាយថាពួកគេបានបាញ់ដ្រូនវាយប្រហាររបស់រុស្ស៊ីប្រហែលជិត៣០គ្រឿងដោយបានជំរុញឱ្យមានការផ្ទុះ និងស៊ីរ៉ែនវាយប្រហារតាមអាកាសនៅក្នុងរដ្ឋធានីពេញមួយយប់។ លោក Zelensky បាននិយាយនៅក្នុងវីដេអូមួយនៅឯវិមានរំលឹក និងសួនឧទ្យាននៃសង្គ្រាមលោកលើកទី២ នៅទីក្រុង Kyiv ថា"អំពើអាក្រក់ចាស់ៗទាំងអស់ដែលរុស្ស៊ីសម័យទំនើបកំពុងនាំយកមកវិញ នឹងត្រូវបរាជ័យ ដូចពួកណាស៊ីត្រូវបានចាញ់" ។ លោកបានបន្ថែមថា៖ «ដូចដែលយើងបានបំផ្លាញអំពើអាក្រក់ជាមួយគ្នាកន្លងមកដែរ យើងកំពុងបំផ្លាញអំពើអាក្រក់ដូចគ្នានៅពេលនេះ»។ លោក Zelensky បាននិយាយនៅខួបនៃការចុះចាញ់របស់ណាស៊ីអាល្លឺម៉ង់ចំពោះកងកម្លាំងសម្ព័ន្ធមិត្តនៅថ្ងៃទី 8 ខែឧសភាឆ្នាំ 1945 ដែលជាទិវាជ័យជំនះនៅអឺរ៉ុប។ លោកបាននិយាយថាលោកបានបញ្ជូនច្បាប់ទៅសភាដើម្បីរំលឹកជាផ្លូវការនូវសង្គ្រាមលោកលើកទី 2 នៅអ៊ុយក្រែនផងដែរនៅថ្ងៃទី 8 ខែឧសភាដែលអស់រយៈពេលជាច្រើនឆ្នាំត្រូវបានសម្គាល់នៅថ្ងៃ ទី9 ខែឧសភាដូចនៅក្នុងប្រទេសរុស្ស៊ី និងបណ្តាប្រទេសអតីតសូវៀតផ្សេងទៀតដែរ។ការផ្លាស់ប្តូរនេះគឺគ្រាន់តែជាជំហានចុងក្រោយបង្អស់នៅក្នុងជំហានជាបន្តបន្ទាប់ ដែលអ៊ុយក្រែនបានធ្វើក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដើម្បីឃ្លាតឆ្ងាយពីទីក្រុងមូស្គូ រួមទាំងការប្តូរឈ្មោះផ្លូវ និងទីប្រជុំជនដែលបានដាក់ឈ្មោះតាមនិម្មិតរូបផ្សេងៗរបស់សូវៀត។ លោក Zelensky បាននិយាយថាអ៊ុយក្រែននឹងប្រារព្ធទិវាអឺរ៉ុបនៅថ្ងៃទី 9 ខែឧសភាជំនួសវិញដែលលើកកម្ពស់សន្តិភាព និងឯកភាពលើទ្វីប។ សហភាពអឺរ៉ុបបានស្វាគមន៍ចំពោះចំណាត់ការនេះ ហើយបាននិយាយថា ប្រធានគណៈកម្មការអឺរ៉ុបលោក Ursula von der Leyen នឹងធ្វើទស្សនកិច្ចនៅទីក្រុង Kyiv ដើម្បីពិភាក្សាជាមួយ Zelensky នៅថ្ងៃអង្គារនេះ។
2. រុស្ស៊ីបាញ់ដ្រូនរាប់សិបគ្រឿងលើអ៊ុយក្រែននៅមុនថ្ងៃជ័យជំនះលើណាស៊ីអាល្លឺម៉ង់
យោងតាមសារព័ត៌មាន Sky News ចុះផ្សាយថ្ងៃទី៨ ខែឧសភាបានអោយដឹងថាដ្រូន kamikaze ផលិតដោយអ៊ីរ៉ង់ប្រហែល60គ្រឿងត្រូវបានបាញ់ទៅលើគោលដៅមួយចំនួនរបស់អ៊ុយក្រែននៅមុនថ្ងៃបុណ្យ9 ឧសភារបស់រុស្ស៊ីដើម្បីអបអរសាទរការបរាជ័យរបស់ណាស៊ីអាល្លឺម៉ង់។ រុស្ស៊ីបានបាញ់បង្ហោះដ្រូនរាប់សិបគ្រឿងនៅទូទាំងប្រទេសអ៊ុយក្រែននៅមុនថ្ងៃឈប់សម្រាកនៃទិវាអបអរការបរាជ័យរបស់ណាស៊ីអាល្លឺម៉ង់។ អភិបាលក្រុង Kyiv បាននិយាយថា រុស្ស៊ីបានបាញ់ដ្រូន kamikaze ផលិតដោយអ៊ីរ៉ង់ចំនួន 60 គ្រឿងទៅកាន់គោលដៅរបស់អ៊ុយក្រែន ដោយមាន 36 នៅក្នុងរដ្ឋធានី។ ដ្រូនទាំងអស់ត្រូវបានបាញ់ទម្លាក់ ប៉ុន្តែកំទេចកំទីរបស់វាបានវាយប្រហារផ្ទះល្វែង និងអគារផ្សេងទៀត បណ្តាលឲ្យមនុស្សយ៉ាងតិចប្រាំនាក់រងរបួសនៅក្នុងទីក្រុងគៀវ។ ឃ្លាំងអាហារមួយក៏ត្រូវបានភ្លើងឆេះដោយសារកាំជ្រួចមីស៊ីលនៅក្នុងទីក្រុង Odesa នៃសមុទ្រខ្មៅផងដែរ ដែលក្រុមមន្ត្រីរាយការណ៍ថាមានមនុស្ស 3 នាក់បានរងរបួស។ ការជូនដំណឹងអំពីការវាយឆ្មក់តាមអាកាសបានបន្លឺឡើងលើទឹកដីអ៊ុយក្រែនប្រហែល 2 ភាគ 3 អស់រយៈពេលជាច្រើនម៉ោង ដោយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបាននិយាយថា ការផ្ទុះបានបន្លឺឡើងនៅក្នុងតំបន់ភាគខាងត្បូងនៃ Kherson និងភាគអាគ្នេយ៍នៃទីក្រុង Zaporizhzhia ។ មន្ត្រីក្នុងតំបន់បាននិយាយថា ក្នុងពេលជាមួយគ្នានោះ ការបាញ់ផ្លោងដោយកាំភ្លើងធំរបស់រុស្ស៊ីបានធ្វើឱ្យមនុស្ស៨នាក់រងរបួស រួមទាំងក្មេងប្រុសអាយុ៩ឆ្នាំម្នាក់នៅក្នុងភូមិចំនួនពីរក្នុងតំបន់ Kherson ភាគខាងត្បូងប្រទេសអ៊ុយក្រែនកាលពីថ្ងៃចន្ទ។ការវាយប្រហាររបស់រុស្ស៊ីកើតឡើងនៅមុនមួយថ្ងៃនៃទិវាជ័យជំនះ 9 ឧសភារបស់ខ្លួន ដែលប្រារព្ធឡើងដើម្បីអបអរលើការបរាជ័យរបស់ណាស៊ីអាល្លឺម៉ង់។ ប៉ុន្តែនៅក្នុងការចង់ផ្តាច់ខ្លួនជានិមិត្តរូបជាមួយទីក្រុងមូស្គូ ប្រទេសអ៊ុយក្រែនបានផ្លាស់ប្តូរថ្ងៃឈប់សម្រាកទៅថ្ងៃទី8 ឧសភាវិញ នៅពេលដែលបណ្តាប្រទេសលោកខាងលិចប្រារព្ធទិវាជ័យជំនះនៅអឺរ៉ុប។ ភាពខុសគ្នានៃកាលបរិច្ឆេទនៃការប្រារព្ធពិធីគឺដោយសារការចុះចាញ់ឆ្នាំ 1945 របស់កងទ័ពអាឡឺម៉ង់ដែលចូលជាធរមាននៅថ្ងៃទី8 ខែឧសភានៅទីក្រុងប៊ែកឡាំង ប៉ុន្តែថ្ងៃទី9 ឧសភានៅទីក្រុងម៉ូស្គូ។
3. ចិនថាយើងនឹងមិនភ្លេចឧក្រិដ្ឋកម្មណាតូនៅយូហ្គោស្លាវីទេ
យោងតាមសារព័ត៌មាន The EurAsian Times ចុះផ្សាយថ្ងៃទី៩ ខែឧសភាបានអោយដឹងថាអ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បាននិយាយកាលពីថ្ងៃចន្ទថា ប្រជាជនចិននឹងមិនភ្លេចនូវឧក្រិដ្ឋកម្មព្រៃផ្សៃដែលអង្គការណាតូបានប្រព្រឹត្តនៅក្នុងប្រទេសយូហ្គោស្លាវីទេ។ នៅថ្ងៃទី24 ខែមីនា ឆ្នាំ1999 ណាតូបានចាប់ផ្តើមការវាយប្រហារតាមផ្លូវអាកាសប្រឆាំងនឹងប្រទេសយូហ្គោស្លាវី។ កាលពីថ្ងៃទី៧ ខែឧសភា មានការបំផ្ទុះគ្រាប់បែកចំនួន ៥គ្រាប់បានវាយប្រហារស្ថានទូតចិនក្នុងទីក្រុង Belgrade ដោយបានសម្លាប់មនុស្ស ៣នាក់ និងរបួសជាង ២០នាក់។ លោក Wang បានប្រាប់សន្និសីទសារព័ត៌មានមួយថា“ប្រជាជនចិននឹងមិនភ្លេចឈាម និងជីវិតដែលខ្លួនបានផ្តល់ឱ្យសម្រាប់ការការពារការពិត ភាពស្មោះត្រង់ និងយុត្តិធម៌។ ហើយពួកយើងនឹងមិនភ្លេចឧក្រិដ្ឋកម្មព្រៃផ្សៃរបស់អង្គការណាតូដែលដឹកនាំដោយអាមេរិកផងដែរ»។ លោកបានចង្អុលបង្ហាញថា ម្យ៉ាងវិញទៀត NATO បង្ហាញខ្លួនឯងថាជាសម្ព័ន្ធមិត្តការពារជាតិក្នុងតំបន់ ប៉ុន្តែផ្ទុយទៅវិញ ពួកគេបានបង្កើនភាពតានតឹងក្នុងតំបន់ឥតឈប់ឈរ និងបង្កើតភាពលំបាកក្នុងប្លុកទៅវិញ។អ្នកនាំពាក្យរូបនេះបាននិយាយថា“បន្ទាប់ពីការបញ្ចប់សង្គ្រាមត្រជាក់ អង្គការណាតូដែលដឹកនាំដោយសហរដ្ឋអាមេរិកបានបង្កជម្លោះម្តងហើយម្តងទៀតនៅទូទាំងពិភពលោកចាប់ពីបូស្នៀ និងហឺហ្សេហ្គោវីណា ដល់កូសូវ៉ូ ពីអ៊ីរ៉ាក់ដល់អាហ្វហ្គានីស្ថាន ពីលីប៊ីដល់ស៊ីរី។” លោកបានសង្កត់ធ្ងន់ថា NATO បន្តពង្រីកវត្តមានរបស់ខ្លួនទៅកាន់បូព៌ា ទៅកាន់តំបន់អាស៊ីប៉ាស៊ីហ្វិក បង្កើតប្លុកប្រឆាំង និងរំខានដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់។ លោក Wang បាននិយាយថា "អង្គការណាតូដែលដឹកនាំដោយសហរដ្ឋអាមេរិក ចាំបាច់ត្រូវគិតឱ្យបានហ្មត់ចត់ចំពោះឧក្រិដ្ឋកម្មរបស់ខ្លួន ដើម្បីបោះបង់ចោលទាំងស្រុងនូវភាពហួសសម័យកាល ចិត្តគំនិតសម័យសង្គ្រាមត្រជាក់ និងបញ្ឈប់ការបង្កជម្លោះក្នុងតំបន់ និងបង្កឱ្យមានការមិនចុះសម្រុង និងកុបកម្ម"។ នៅឆ្នាំ1999 ការប្រឈមមុខដាក់គ្នាដោយប្រដាប់អាវុធរវាងពួកបំបែកខ្លួនអាល់បានីពីកងទ័ពរំដោះកូសូវ៉ូ និងកងទ័ពស៊ែប៊ីបាននាំឱ្យមានការទម្លាក់គ្រាប់បែកដែលនៅពេលនោះជាសាធារណរដ្ឋសហព័ន្ធសង្គមនិយមយូហ្គោស្លាវី ដែលមានប្រទេសស៊ែប៊ី និងម៉ុងតេណេហ្គ្រោ ដោយកងកម្លាំងណាតូ ដែលប្រតិបត្តិការនេះត្រូវបានធ្វើដោយគ្មានការយល់ព្រមពីក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនោះទេ និងអាជ្ញាធរយូហ្គោស្លាវីត្រូវបានចោទថាបានធ្វើការបោសសម្អាតជនជាតិភាគតិចកូសូវ៉ូ អាល់បានី។
4. Kissinger ថាការចូលរួមរបស់ចិននឹងនាំទៅដល់ការចរចាសន្តិភាពអ៊ុយក្រែន
យោងតាមសារព័ត៌មាន Newsweek ចុះផ្សាយថ្ងៃទី៨ ខែឧសភាបានអោយដឹងថាលោក Henry Kissinger អតីតរដ្ឋលេខាធិការ និងជាទីប្រឹក្សាសន្តិសុខជាតិរបស់សហរដ្ឋអាមេរិក បាននិយាយថា លោកជឿជាក់ថាសង្រ្គាមរុស្ស៊ី និងអ៊ុយក្រែន កំពុងឈានដល់ចំណុចរបត់មួយ ហើយរំពឹងថានឹងមានការចរចានៅចុងឆ្នាំនេះដោយសារកិច្ចខិតខំប្រឹងប្រែងថ្មីៗដែលធ្វើឡើងដោយប្រទេសចិន។ បន្ទាប់ពីកិច្ចចរចាសន្តិភាពជាច្រើនជុំរវាងអ៊ុយក្រែន និងរុស្ស៊ីនៅដើមខែនៃជម្លោះដែលចាប់ផ្តើមដោយប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀពូទីន ក្នុងខែកុម្ភៈ ឆ្នាំ២០២២មក ភាគីទាំងពីរហាក់បីដូចជាមិនមានឆន្ទៈក្នុងការវិលត្រឡប់ទៅកាន់តុចរចានោះទេ។ ទីក្រុងប៉េកាំងហាក់ដូចជាបានព្យាយាមបន្តកិច្ចចរចារវាងទីក្រុង Kyiv និងទីក្រុងមូស្គូជាមួយនឹងឯកសារគោលជំហរចំនួន12 ដែលត្រូវបានផ្សាយនៅថ្ងៃខួបមួយឆ្នាំនៃការលុកលុយ។ ទន្ទឹមនឹងការអំពាវនាវឱ្យមានបទឈប់បាញ់ ផែនការរបស់ចិននឹងធ្វើអោយកងទ័ពរុស្ស៊ីនឹងចាកចេញពីទឹកដីដែលកាន់កាប់ដោយអ៊ុយក្រែន និងបញ្ចប់ការដាក់ទណ្ឌកម្មណាមួយដែលមិនត្រូវបានអនុម័តដោយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលមានរុស្ស៊ីជាសមាជិកវេតូផងដែរ។ នៅក្នុងបទសម្ភាសន៍ជាមួយ Ted Koppel របស់ CBS News ដែលបានចាក់ផ្សាយកាលពីថ្ងៃអាទិត្យ លោក Kissinger ស្តាប់ទៅមានទំនុកចិត្តថាប្រទេសចិននឹងជួយផ្លាស់ប្តូរជំនោរនៃសង្រ្គាមដែលកំពុងបន្តនេះ។ លោកបាននិយាយថា៖«ឥឡូវនេះចិនបានចូលក្នុងការចរចា ខ្ញុំគិតថាវានឹងអាចសំរេចឈានទៅដល់ទីបំផុតបានហើយនៅចុងឆ្នាំនេះ»។ លោកបានបន្តថា"យើងនឹងនិយាយអំពីដំណើរការចរចា និងសូម្បីតែការចរចាពិតប្រាកដ"។ លោក Kissinger ក៏បានប្រាប់ Koppel ថាលោកជឿថាទាំងប្រធានាធិបតីចិនលោក Xi Jinping និងលោក Putin នឹងនិយាយជាមួយលោកប្រសិនបើលោកទូរស័ព្ទទៅពួកគេ។ នៅពេលត្រូវបានសួរដោយលោក Koppel ថាតើលោកនឹងជួបជាមួយលោកពូទីននៅទីក្រុងមូស្គូទេប្រសិនបើត្រូវបានស្នើសុំដោយប្រធានាធិបតី អ្នកការទូតចូលនិវត្តរន៍រូបនេះបាននិយាយថា"ខ្ញុំនឹងមានទំនោរចង់ធ្វើវា ប៉ុន្តែខ្ញុំនឹងធ្វើជាទីប្រឹក្សា មិនមែនជាមនុស្សសកម្មទេ"។
5. លោកខាងលិចប្រថុយនឹងបង្កើត 'Snow ISIS' នៅអឺរ៉ុបដោយពួកជ្រុលនិយមប្រយុទ្ធនៅអ៊ុយក្រែន
យោងតាមសារព័ត៌មាន RT ចុះផ្សាយថ្ងៃទី៨ ខែឧសភាបានអោយដឹងថាប្រាកដណាស់ថាមានការបំផ្លិចបំផ្លាញជាច្រើនប្រឆាំងនឹងរុស្ស៊ីបានកើតឡើងនាពេលនេះ។ ខ្លះត្រូវបានបង្កឡើងដោយអ៊ុយក្រែនផ្ទាល់ ដូចដែល Le Monde របស់បារាំងបានធ្វើនាពេលថ្មីៗនេះ បន្ទាប់ពីមានការទម្លាក់គ្រាប់បែកលើរថភ្លើងនៅ Bryansk ។ សកម្មភាពផ្សេងទៀត ដូចជាការវាយប្រហារលើបណ្តាញបំពង់បង្ហូរ Nord Stream ដែលជាចំណុចកណ្តាលនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរុស្ស៊ី-អឺរ៉ុប ត្រូវបានមន្ត្រីអាមេរិកពិពណ៌នាថា ប្រព្រឹត្តដោយក្រុម "គាំទ្រអ៊ុយក្រែន" ដែលមិនបានបញ្ជាក់ច្បាស់លាស់។ ភាពខុសគ្នាណាមួយគឺគ្រាន់តែជាព័ត៌មានលម្អិតតិចតួចប៉ុណ្ណោះដែលគួរពិចារណាឡើងថាសម្ព័ន្ធមិត្តណាតូមិនអាចសូម្បីតែរំខានក្នុងការធ្វើវាដោយខ្លួនឯង។ ពួកគេបានបណ្តុះបណ្តាលកងវរសេនាតូច Azov neo-Nazis ដោយចេតនា ដូចដែល Ottawa Citizen របស់ប្រទេសកាណាដា និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិចផ្សេងទៀតបានចងក្រងជាឯកសារ។ ទាហានទាំងនោះនៅទីបំផុតត្រូវបានបញ្ជូនចូលទៅក្នុងកងទ័ពអ៊ុយក្រែន ហើយ Background របស់ពួកគេត្រូវបានលាងជម្រះយ៉ាងងាយស្រួល។លោកខាងលិចប្រថុយនឹងការបង្កើតភេរវជនអន្តរជាតិក្នុងប្រទេសអ៊ុយក្រែនដូចវាបានធ្វើនៅស៊ីរី។ ត្រលប់ទៅឆ្នាំ 2018 សេវាចារកម្មបារាំងព្រួយបារម្ភអំពីការវិលត្រឡប់របស់ពួកជីហាដបារាំងពីស៊ីរី និងផលប៉ះពាល់នៃការសងសឹកអ្នកប្រយុទ្ធមកលើសន្តិសុខក្នុងស្រុករបស់បារាំង និងអឺរ៉ុប។តើពួកគេមានការភ័យខ្លាចដូចគ្នាអំពីការវិលត្រឡប់មកវិញរបស់យុទ្ធជនពីអ៊ុយក្រែនដែរឬទេ? កាលពីខែមុន បុរសជនជាតិបារាំងពីរបីនាក់ដែលត្រូវបានគេរាយការណ៍ថាមានអាយុ 20 ឆ្នាំបានចុះពីឡានក្រុងក្នុងទីក្រុងប៉ារីសពីទីក្រុង Lviv ប្រទេសអ៊ុយក្រែន ត្រូវបានចាប់ខ្លួនបញ្ជូនទៅតុលាការដោយផ្ទាល់ ហើយត្រូវបានកាត់ទោសឱ្យជាប់គុក 15 ខែរួចហើយ ដោយការជាប់ទោសពីបទការដឹកជញ្ជូន និងកាន់កាប់អាវុធ។មានម្នាក់ត្រូវបានកំណត់អត្តសញ្ញាណក្រៅផ្លូវការនៅក្នុងប្រព័ន្ធផ្សព្វផ្សាយចម្បងរបស់បារាំងថាជា"Alain V" ហើយធ្លាប់បានចេញផ្សាយនៅសារព័ត៌មានអំពីពួកណាហ្ស៊ីក្នុងជួរកងទ័ពបារាំង។ លោកស្ថិតនៅក្នុងផ្នែកយោធា Alpine Hunter Division ដូច្នេះលោកប្រហែលជាអ្នកជិះស្គីដ៏អស្ចារ្យម្នាក់។ ប្រហែលជាលោកទើបតែបញ្ចប់នៅអ៊ុយក្រែនដោយការជិះស្គីជាមួយនឹង "Snow ISIS" neo-Nazis ដែលបង្ហាត់ដោយលោកខាងលិច។ ជនសង្ស័យក៏ត្រូវបានរាយការណ៍ថាមានស្នាមសាក់ជាភាសាអាឡឺម៉ង់នៃការសន្យាភក្ដីភាពSchutzstaffel ដល់ Adolf Hitler។ ចំណែកមិត្តរបស់លោកមានអត្តសញ្ញាណចេញពីប្រភពបារាំងផ្សេងៗត្រូវបានស្គាល់ក្រៅផ្លូវការថាជា "Guillaume A"។ យោងតាមសេវាស៊ើបការណ៍សម្ងាត់ក្នុងស្រុករបស់ប្រទេសបារាំង DGSI បានអោយដឹងថាមានពលរដ្ឋបារាំងប្រហែល ៤០០ នាក់កំពុងប្រយុទ្ធក្នុងប្រទេសអ៊ុយក្រែន រួមទាំងពួកនិយមណាស៊ីដែលគេស្គាល់ថាមានប្រមាណ ៣០ នាក់ផងដែរ។