ព្រះសីហនុ ៖ កម្ពុជា-ហ្វីលីពីន ទទួលបានចំណាត់ថ្នាក់ទី៤ ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ ប្រភេទកីឡាទូកក្តោង នៅខេត្តព្រះសីហនុ ដែលទើបបញ្ចប់នៅរសៀលថ្ងៃ ទី០៨ ខែឧសភា។ អគ្គលេខាធិការ សហព័ន្ធកីឡាទូកក្តោងកម្ពុជា លោក សោម សុទ្ធរិទ្ធិពង្ស បានឱ្យដឹងថា ការប្រកួតកីឡាស៊ីហ្គេមផ្នែកទូកក្តោង នៅខេត្តព្រះសីហនុ បានប្រព្រឹត្តទៅដោយរលូន ដោយក្នុងនោះ កីឡាកររបស់កម្ពុជា ទទួលបានមេដាយចំនួន២ គឺមេដាយប្រាក់ និងមេដាយសំរឹទ្ធ។ លោកលើកឡើងថា វិញ្ញាសាទូកក្តោង គឺជាប្រភេទកីឡាថ្មីមួយ ដែលកម្ពុជា ទើបចាប់ផ្ដើមហ្វឹកហាត់បច្ចេកទេស ទាំងកីឡាករ និងគណៈកម្មការ នៅឆ្នាំ ២០១៥ ដើម្បីចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២នេះ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ។ សូមបញ្ជាក់ថា ការប្រកួតលើវិញ្ញាសាកីឡាទូកក្តោង នៅខេត្តព្រះសីហនុ ត្រូវបានបែងចែកជា៩ វិញ្ញាសា និងមានកីឡាករ កីឡាការិនី ចំនួន៥៣រូប មកពីបណ្ដាប្រទេសចំនួន៦ បានចូលរួមប្រគួត។ នៅក្នុងការប្រគួតនេះ ប្រទេសសិង្ហបុរី ទទួលបានចំណាត់ថ្នាក់លេខ១ ដោយដណ្តើមមេដាយច្រើនជាងគេ , ចំណាត់ថ្នាក់លេខ២ បានទៅលើប្រទេសថៃ, លេខ៣ បានទៅលើប្រទេសម៉ាឡេស៊ី, លេខ៤ ប្រទេសកម្ពុជា និងប្រទេសហ្វីលីពីន និងលេខ៥ ប្រទេសវៀតណាម៕