សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៣នេះ បានអំពាវនាវសុំឲ្យនាយឧត្តមសេនីយ៍ សៅ សុខា បន្តធ្វើជាប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជាតទៅមុខទៀត។
តាមរយៈសារជាសំឡេងពិសេស ដែលបានផ្សព្វផ្សាយនារសៀលថ្ងៃទី០៨ ខែឧសភា នេះ សម្ដេចបានលើកឡើងថា ចាប់តាំងពីឯកឧត្តម សៅ សុខា ទទួលធ្វើដំជាប្រធានសហព័ន្ធកីឡា បានធ្វើឱ្យវិស័យនេះ មានការរីកចម្រើន និងឈានឡើងជាលំដាប់ បើទោះបីជាមិនទាន់ទទួលបានលទ្ធផលតាមការចង់បានក៏ដោយ។ សម្ដេចបានបន្តថា មានប្រទេសច្រើនណាស់ដែលវិស័យបាល់ទាត់មិនទទួលបានលទ្ធផលល្អ។ ក្នុងឋានៈជានាយករដ្ឋមន្ត្រី សម្តេចសូមអំពាវនាវចំពោះនាយឧត្តមសេនីយ៍ សៅ សុខា បន្តធ្វើជាប្រធានសហព័ន្ធកីឡាតទៅទៀត។ ពីព្រោះនេះមិនមែនជាបញ្ហាដាច់ដោយឡែកទេ វាគឺជាបញ្ហារួម បញ្ហាប្រទេសជាតិ។
សម្ដេចតេជោបញ្ជាក់ថា នេះមិនមែនជាការបញ្ជាទៅខាងសហព័ន្ធកីឡានោះទេ ប៉ុន្តែឯកឧត្តម សៅ សុខា គឺជាមនុស្សដែលធ្លាប់ធ្វើការជាមួយសម្ដេចជាង៤០ឆ្នាំមកហើយ ដូច្នេះត្រូវបន្តការងារជាមួយគ្នាតទៅទៀត។
សូមបញ្ជាក់ថា ដើម្បីបង្ហាញនូវស្មារតីទទួលខុសត្រូវចំពោះការដឹកនាំរបស់ខ្លួន នាយឧត្តមសេនីយ៏ សៅ សុខា កាលពីយប់មិញ បានប្រកាសលាលែងពីប្រធានប្រធានសហពន្ធ័កីឡាបាល់ទាត់កម្ពុជាហើយ បន្ទាប់ពីកម្ពុជាបានចាញ់មីយ៉ាន់ម៉ា ២-០ នៅក្នុងវគ្គសន្សំពិន្ទុពូល A។
នាយឧត្តមសេនីយ៏ សៅ សុខា បានបញ្ជាក់នៅលើហ្វេសប៊ុកផ្លូវការរបស់ខ្លួនថា ការសម្រេចលាលែងនេះ ដោយសាតែលោកពុំអាចនាំកិត្តិយសជូនជាតិបាន តាមរយៈការប្រកួតបាល់ទាត់ នៅក្នុងព្រិត្តិការណ៍ sea games ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ ជាមួយគ្នានោះ ឯកឧត្តម សៅ សុខា បានប្រគល់ភារកិច្ចជូនឯកឧត្តម ខៀវ សាម៉េត ជាប្រធានស្តីទី។ នាយឧត្តមសេនីយ៏ សៅ សុខា ធ្លាប់បានប្រកាសថា លោកនឹងលាឈប់ពីតំណែងមួយនេះ ប្រសិនបើក្រុមជម្រើសជាតិកម្ពុជា មិនអាចឆ្លងផុតការប្រកួតជម្រុះក្នុងពូល A។
កាលពីយប់ថ្ងៃទី០៧ ខែឧសភា ក្រុមជម្រើសជាតិ U22 កម្ពុជា បានចាញ់ក្រុមមីយ៉ាន់ម៉ា ២-០ ក្នុងការដណ្តើម៣ពិន្ទុ នៃប្រកួតទី៣ ស្ថិតក្នុងពូល A វគ្គចែកពូលសន្សំពិន្ទុ ផ្នែកវិញ្ញសាបាល់ទាត់បុរស នៅពហុកីឡដ្ឋានជាតិអូឡាំពិក ខណៈកម្ពុជាមានត្រឹមតែ៤ពិន្ទុប៉ុណ្ណោះ ហើយមីយ៉ាន់ម៉ា រកបាន៦ពិន្ទុទៅហើយ។ តាមរយៈលទ្ធផលនេះ ក្រុមជម្រើសជាតិ U22 កម្ពុជា បានធ្លាក់មកឈរលេខរៀងទី៣ ក្នុងតារាងពូល A ហើយនៅសល់ឱកាសតែ១ប្រកួតចុងក្រោយប៉ុណ្ណោះ ជាមួយក្រុមកំពូលឥណ្ឌូនេស៊ី៕ មានជ័យ