ភ្នំពេញ៖ លោក ខៀវ សាម៉េត អនុប្រធានស្តីទី សហពន្ធ័កីឡាបាល់ទាត់កម្ពុជា នឹងឡើងជាប្រធានស្តីទី ក្រោយពេលនាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហពន្ធ័កីឡាបាល់ទាត់កម្ពុជា បានប្រកាសលាលែង បន្ទាប់ពីក្រុមកីឡាបាល់ទាត់ U22 កម្ពុជា ចាញ់មីយ៉ាន់ម៉ា ២-០ នៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេម។
នាយឧត្តមសេនីយ៍ សៅ សុខា បានប្រកាសកាលពីយប់ថ្ងៃទី៧ ខែឧសភាថា ការលាលែងនេះ ជាការបង្ហាញ នូវស្មារតីទទួលខុសត្រូវ ហើយនឹងប្រគល់ជូនលោក ខៀវ សាម៉េត អនុប្រធានស.ប.ក ជាប្រធានស្តីទី។ នាយឧត្តមសេនីយ៍ បានអរគុណដល់រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា និងមហាជនដែលបានបញ្ចេញមតិគាំទ្រឱ្យបន្តតំណែងជាប្រធានសហពន្ធ័កីឡាបាល់ទាត់កម្ពុជា។ យ៉ាងណាក៏ដោយ នាយឧត្តមសេនីយ៍ សៅ សុខា បានសូមអភ័យទោសដែលពុំអាចនាំកិត្តិយសជូនជាតិបានតាមរយៈការប្រកួតបាល់ទាត់ក្នុងព្រិត្តិការណ៍ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។ សូមបញ្ជាក់ថា ក្រុមជម្រើសជាតិ U22កម្ពុជា បានចាញ់ក្រុមមីយ៉ាន់ម៉ា ២-០ ក្នុងការដណ្តើម ៣ពិន្ទុ នៃការប្រកួតទី៣ ស្ថិតក្នុងពូល A វគ្គចែកពូលសន្សំពិន្ទុ នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម២០២៣ ផ្នែកវិញ្ញសាបាល់ទាត់បុរស នៅពហុកីឡដ្ឋានជាតិអូឡាំពិក កាលពីយប់ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៣៕