ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានថ្លែងថា មានប្រទេសតែ៣ប៉ុណ្ណោះ ដែលប្រមុខរដ្ឋប្រកាសបើកព្រឹត្តិការណ៍ស៊ីហ្គេម។ការថ្លែងគួសបញ្ជាក់នេះ បានកើតឡើងក្រោយពេលមានការរិះគន់ចំពោះការមិនយាងព្រះមហាក្សត្រ បើកការប្រកួតស៊ីហ្គេម ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ។នៅក្នុងពិធីបើកការដ្ឋានសាងសង់ចំណតផែកុងតឺន័រ នៅខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី ១ ខែឧសភា ឆ្នាំ ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានចាត់ទុកសម្តីអ្នករិះគន់មួយចំនួនថា ជាចេតនាទុច្ចរិតបំបែកបាក់ព្រះមហាក្សត្រ និងរាជរដ្ឋាភិបាល។សម្តេចតេជោ បានមានប្រសាសន៍លើកឡើងថា ព្រឹត្តិការណ៍ស៊ីហ្គេម មានតែឥណ្ឌូណេស៊ី ហ្វីលីពីន និងព្រុយណេប៉ុណ្ណោះ ដែលប្រមុខរដ្ឋប្រកាសបើកព្រឹត្តិការណ៍។សូមបញ្ជាក់ថា ព្រះអគ្គីជ័យកីឡា សម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ ត្រូវបានព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា យាងធ្វើធ្វើពិធីព្រះរាជទាន កាលពីព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ នៅខេត្តសៀមរាប។ ពិធីបើកការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា នឹងប្រារព្ធឡើងជាផ្លូវការ នៅថ្ងៃទី០៥ ខែឧសភា បន្ទាប់ពីកម្ពុជា រង់ចាំឱកាសនេះអស់រយៈពេលជាង៦០ឆ្នាំ៕