ភ្នំពេញ៖តំបន់មួយចំនួនក្នុងប្រទេសកម្ពុជា នឹងបន្តធ្លាក់ភ្លៀងលាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ចាប់ពីថ្ងៃទី៣-៧ ខែឧសភា ដោយសារទទួលឥទ្ធិពលខ្សោយពីទ្រនុងសម្ពាធខ្ពស់ចិន និងបន្តពីថ្ងៃទី៨ ខែឧសភា ដោយទទួលឥទ្ធិពលខ្សោយពីជ្រលងសម្ពាធទាបឥណ្ឌា និងខ្យល់មូសុងនិរតី។ យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹកនិងឧតុនិយម បានឱ្យដឹងនៅព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣នេះថា លក្ខណៈបែបនេះនឹងធ្វើឲ្យតំបន់ទំនាបកណ្ដាល មានសីតុណ្ហភាពអប្បបរមា មានពី ២៥-២៧ អង្សាសេ និងសីតុណ្ហភាពអតិបរមា មានពី ៣៧-៣៩ អង្សាសេ ហើយចាប់ពីថ្ងៃទី៣-៧ ខែឧសភា ស្ថានភាពភ្លៀងធ្លាក់ដោយផ្នែកក្នុងបរិមាណពីខ្សោយទៅតិច លាយឡំ ដោយ ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ខណៈនៅថ្ងៃទី៨ ខែឧសភា ស្ថានភាពភ្លៀងនឹងមានការកើនឡើងរាយប៉ាយក្នុងបរិមាណពីតិចទៅបង្ហូរ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។ ក្រសួងឱ្យដឹងបន្តថា នៅតំបន់ខ្ពង់រាប សីតុណ្ហភាពអប្បបរមា មានពី ២៥-២៧ អង្សាសេ និងសីតុណ្ហភាពអតិបរមា មានពី ៣៦- ៣៨ អង្សាសេ ហើយចាប់ពីថ្ងៃទី៣-៧ ខែឧសភា ស្ថានភាពភ្លៀងធ្លាក់ដោយផ្នែកក្នុងបរិមាណពីខ្សោយទៅមធ្យម លាយឡំ ដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ខណៈពីថ្ងៃទី៨ ខែឧសភា ស្ថានភាពភ្លៀងនឹងមានការកើនឡើងរាយប៉ាយក្នុងបរិមាណពីតិចទៅបង្គួរ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។ ដោយឡែកនៅតំបន់មាត់សមុទ្រ សីតុណ្ហភាពអប្បបរមា មានពី ២៥-២៧ អង្សាសេ និងសីតុណ្ហភាពអតិបរមា មានពី ៣២-៣៤ អង្សាសេ ហើយចាប់ពីថ្ងៃទី៣-៧ ខែឧសភា ស្ថានភាពភ្លៀងធ្លាក់ក្នុងបរិមាណពីខ្សោយទៅមធ្យម លាយឡំដោយផ្ទេរ រន្ទះ និងខ្យល់កន្ត្រាក់ លុះពីថ្ងៃទី៨ ខែឧសភា ស្ថានភាពភ្លៀងនឹងមានការកើនឡើងក្នុងបរិមាណពីតិចទៅបង្គួរ លាយឡំដោយ ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់៕