ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា ប្រកាសបន្តប្រកាន់យកគុណតម្លៃ គុណធម៌ និងទស្សនវិជ្ជា របស់ព្រះពុទ្ធ សាសនា ហើយរំពឹងថា ប្រជាជនកម្ពុជា ក៏នឹងបន្តទទួលបាននូវសេរីភាពខាងសាសនា ដោយមានចែងក្នុងរដ្ឋធម្មនុញ្ញដែរ។នេះបើតាមប្រសាសន៍លើកឡើងរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។ មានប្រសាសន៍ក្នុងឱកាសអញ្ជើញទទួលគោរមងារកិត្តិយស « ពុទ្ធមាមកាភិបាល» និងសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែក «មនុស្សសាស្ត្រ និងសាមគ្គីភាព» នាព្រឹកថ្ងៃទី២ ខែឧសភានេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងគួសបញ្ជាក់ថា កម្ពុជា នឹងបន្តប្រកាន់យកនូវគុណតម្លៃ គុណធម៌ និងទស្សនវិជ្ជារបស់ព្រះពុទ្ធសាសនា ហើយប្រជាជនកម្ពុជាទាំងអស់ នឹងបន្តទទួលបាននូវសេរីភាព ខាងសាសនា ដោយមានចែងក្នុងរដ្ឋធម្មនុញ្ញជាតិ។ សម្តេចតេជោ នាយករដ្ឋមន្រ្តី បានមានប្រសាសន៍លើកឡើងដែរថា ព្រះពុទ្ធសាសនា គឺជាមូលដ្ឋាន សម្រាប់ការកសាងសន្តិភាព។ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវឲ្យអង្គការពុទ្ធសាសនិកពិភពលោក ក្រុមប្រឹក្សាវប្បធម៌អាស៊ី និងសហគមន៍ព្រះពុទ្ធសាសនាកម្ពុជា និងអន្តរជាតិ មកពីគ្រប់និកាយ ធ្វើការរួមគ្នាជាមួយ អង្គការយូណេស្កូ និងទីភ្នាក់ងារអង្គការសហប្រជាជាតិដទៃទៀត ដើម្បីលើកកម្ពស់សុខដុមបនីយកម្មអន្តរសាសនាជាតិ និងអន្តរជាតិ ដើម្បីទទួលបានសន្តិភាព និងស្ថិរភាព៕