ភ្នំពេញ ៖ កិច្ចប្រជុំជ្រើសរើសមុខម្ហូបខ្មែរ សម្រាប់ទទួលភ្ញៀវបរទេស ត្រូវបានលើកយកមកពិភាក្សាក្រោមវត្តមានរបស់លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។នៅក្នុងកិច្ចប្រជុំនេះ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានគូសបញ្ជាក់ពីការប្រើប្រាស់អាហារជាឧបករណ៍ការទូត ដោយបានរួមចំណែកដល់ការជំរុញពាណិជ្ជកម្ម វប្បធម៌ ទេសចរណ៍ ការនាំចេញផលិតផលខ្មែរ ក៏ដូចជាលើកកម្ពស់ជំនាញ ក្នុងវិស័យម្ហូបអាហារ។ លោកបានគាំទ្រនូវគំនិតផ្តួចផ្តើម ក្នុងការជ្រើសរើសមុខម្ហូបខ្មែរ ដែលទាមទារឱ្យមានការចូលរួម ពីភាគីពាក់ព័ន្ធក្នុងស្រុក ពិសេសពីវិស័យឯកជន ដូចជាសណ្ឋាគារ និងភោជនីយដ្ឋាន ដែលតែងតែទទួលភ្ញៀវបរទេសនៅកម្ពុជា ដើម្បីធានាបាននូវអត្តសញ្ញាណជាតិ ព្រមទាំងកំណត់បាននូវរសជាតិ និងគ្រឿងផ្សំស្តង់ដារ និងអាចក្លាយជាជំហានថ្មីមួយ ក្នុងការផ្សព្វផ្សាយម្ហូបខ្មែរ ដល់ភ្ញៀវបរទេស និងលើកស្ទួយកិត្យានុភាពជាតិ ថែមមួយកម្រិតទៀត។ សូមបញ្ជាក់ថា កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ និងមន្រ្តីជាន់ខ្ពស់ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្រសួង- ស្ថាប័នពាក់ព័ន្ធ បណ្តាស្ថានតំណាងកម្ពុជាប្រចាំនៅបរទេស តំណាងសមាគមសណ្ឋាគារ សមាគមភោជនីយដ្ឋាន និងវិស័យឯកជន សរុបប្រមាណ ២០០នាក់៕