ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានដាស់តឿនឱ្យមានការប្រុងប្រ យ័ត្នចំពោះកត្តាចៃដន្យនៅពេលទៅទស្សនាការប្រកួតកីឡាស៊ីហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។មានប្រសាសន៍ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលឆ្នាំ២០២២ និងបើកវគ្គបណ្តុះបណ្តាលឆ្នាំ២០២៣ នៃសាលាភូមិន្ទរដ្ឋបាល នាព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣នេះ សម្តេចនាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា កត្តាចៃដន្យអាចកើតឡើងជាយថាហេតុ ប្រសិនបើមានការប្រជ្រៀតគ្នា រត់ជាន់នៅពេលទៅទស្សនាការប្រកួតនៅស៊ីហ្គេម ដែលជាកត្តាចៃដន្យដែលលេចឡើងនៅពេលដែលដំណើរការ ហើយត្រូវត្រៀមបម្រុងកត្តាចៃដន្យនេះ។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍លើកឡើងថា មានប្រទេសខ្លះរត់ជាន់គ្នាស្លាប់ ប្រទេសខ្លះមានហិង្សាកើតឡើងពេលប្រកួតដោយសារការគាំទ្រខុសគ្នា។ សម្ដេចនាយករដ្ឋមន្រ្តីកម្ពុជា បានមានប្រសាសន៍បន្តថា កម្ពុជាបានប្រឹងប្រែងអស់រយៈពេលជាច្រើនឆ្នាំមកហើយទម្រាំអាចរៀបចំការប្រកួតស៊ីហ្គេមបាន ហើយប្រសិនបើប្រហែសតែបន្តិច នឹងត្រូវរលាយអស់។ ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន បានអំពាវនាវដល់អ្នកដែលទៅទស្សនាការប្រកួតស៊ីហ្គេម ត្រូវរៀបចំខ្លួនឲ្យមានសណ្ដាប់ធ្នាប់ល្អ ចៀសវាងមានបញ្ហាកើតឡើងជាយថាហេតុ។ សូមជម្រាបថា ពិធីបើកការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា នឹងប្រារព្ធឡើងជាផ្លូវការ នៅថ្ងៃទី០៥ ខែឧសភា៕