ភ្នំពេញ ៖ ការវាយជួង រគាំង ទូងស្គរ នៅតាមបណ្ដាវត្តអារាម នឹងធ្វើឡើងដើម្បីចូលរួមអបអរសាទរ ក្នុងពិធីទទួល និងដង្ហែព្រះអគ្គិជ័យកីឡា ខណៈការប្រគួតកីឡាស៊ីហ្គេមនិងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ជិតចូលមកដល់។គណៈកម្មាធិការជាតិ CAMSOC បានឱ្យដឹងថា ព្រះអគ្គិជ័យកីឡា នឹងត្រូវដង្ហែមកដល់កម្ពុជា នាថ្ងៃទី២៧ ខែមេសា ឆ្នាំ ២០២៣ តាមច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងក្រៀល-ណងណុកឃៀន ខេត្តស្ទឹងត្រែង មុននឹងបន្តដំណើររត់តាមបណ្ដាខេត្តមួយចំនួនទៀត។ពិធីរត់ព្រះអគ្គិជ័យកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ តាមបណ្ដាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ ត្រូវបានបិទបញ្ចប់ នៅរដ្ឋធានីវៀងចន្ទន៍ ប្រទេសឡាវ កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣។គួសបញ្ជាក់ថា ពាក់ព័ន្ធការវាយជួង រគាំង ទូងស្គរ នៅតាមបណ្ដាវត្តអារាម សាលាគណរាជធានីភ្នំពេញ បានស្នើដល់ព្រះអនុគណ ព្រះចៅអធិការគ្រប់វត្តអារាម ក្នុងរាជធានីភ្នំពេញ វាយជួង រគាំង និងទូងស្គរ ឱ្យបានកងរំពងគ្រប់វត្តអារាម ដើម្បីចូលរួមអបអរសាទរ ក្នុងពិធីទទួល និងដង្ហែព្រះអគ្គិជ័យកីឡា ពីត្រង់ចំណុចផ្សារព្រែកអញ្ចាញ ស្ពានទី១២ ព្រំប្រទល់ខេត្តកណ្តាល-រាជធានីភ្នំពេញ បន្តឆ្ពោះទៅចំណុចរមណីយដ្ឋានវត្តភ្នំ នឹងទៅតម្កល់រក្សាទុកនៅ វត្តលង្កាព្រះកុសុមារាម រហូតដល់ចប់ក្បួនដង្ហែ។ សូមជម្រាបថា ពិធីបើកការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា នឹងប្រារព្ធឡើងជាផ្លូវការ នៅថ្ងៃទី០៥ ខែឧសភា៕