អាជ្ញាធរជាតិព្រះវិហារ បានរៀបចំពិធីសែនព្រេនបើកការដ្ឋានកំណាយស្រាវជ្រាវបុរាណវិទ្យានៅស្ពានហាលខាងលិច និងពើយតាឌី នៃប្រាសាទព្រះវិហារ ដើម្បីស្រាវជ្រាវរចនាសម្ព័ន្ធស្ពានហាលមុននឹងសាងសង់ស្ពានឈើ និងរៀបចំកំរាលក្តារនៅពើយតាឌី ដើម្បីអភិរក្សការដ្ឋានយកថ្មបុរាណនៅទីនោះ។ កំណាយនៅ បានចាប់ផ្តើម កាលពី
ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣ ដឹកនាំដោយលោកបណ្ឌិត អ៊ា ដារិទ្ធ ប្រធាននាយកដ្ឋាន និងមន្ត្រីជំនាញ នាយកដ្ឋានអភិរក្ស និងបុរាណវិទ្យានៃអាជ្ញាធរជាតិព្រះវិហារ។ សូមបញ្ជាក់ថា ការសាងសង់បស្ពានឈើថ្មីនៅស្ពានហាលខាងលិច ដើម្បីលើកតម្លៃការប្រើប្រាស់ស្ពានហាលពីបុរាណឡើងវិញ និងរៀបចំសៀគ្វីទេសចរណ៍ថ្មី។ រីឯ ការសាងសង់កំរាលក្តារនៅពើយតាឌីដើម្បីការពារសំណឹកទីតាំងការដ្ឋានថ្មបុរាណ និងរៀបចំលើកតម្លៃពើយតាឌីឲ្យបានសមរម្យជាតំបន់ទេសចរណ៍។ កាលពីខែសីហា ឆ្នាំ២០២២ ក្រុមការងារផែនទីហានិភ័យ ដឹកនាំដោយ លោកបណ្ឌិត អ៊ា ដារិទ្ធ ប្រធាននាយកដ្ឋានអភិរក្ស និងបុរាណវិទ្យា និងជាប្រធានក្រុមការងារសិក្សារៀបចំកសាងឯកសារផែនទីហានិភ័យប្រាសាទព្រះវិហារ បានដឹកនាំមន្រ្តីជំនាញ ចុះសិក្សាស្វែងយល់អំពីស្ពានហាលខាងលិច ចាប់ពីចំណតឡានរហូតដល់ផ្នែកខាងលិចគោបុរៈទី៥ ប្រាសាទព្រះវិហារ ដើម្បីរៀបចំលើកផែនការគ្រប់គ្រង ស្រាវជ្រាវ អភិរក្ស និងពិនិត្យលទ្ធភាពសាង សង់ស្ពានថ្មីនៅផ្នែកខាងលិចនៃស្ពានហាលខាងលិច៕