ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអនុញ្ញាតឲ្យក្រុមសិល្បករកម្ពុជាចំនួន១២ រូប ដឹកនាំដោយលោក លី វណ្ណា អនុរដ្ឋលេខាធិការ ចូលរួមកម្មវិធី “សប្តាហ៍បេតិកភណ្ឌវប្បធម៌អរូបី ចិន-អាស៊ាន លើកទី១” នៅទីក្រុងណាននីង នៃខេត្តក្វាងសុី សាធារណរដ្ឋប្រជាមានិតចិន។ ការអនុញ្ញាតឲ្យក្រុម សិល្បៈករខ្មែរចូលរួមនេះ ធ្វើឡើងតាមការអញ្ជើញរបស់គណៈកម្មាធិការរៀបចំព្រឹត្តិការណ៍ “សប្តាហ៍បេតិកភណ្ឌវប្បធម៌អរូបីចិន-អាស៊ាន” នៃទីក្រុងណាននីង ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣។ បើតាមក្រសួងវប្បធម៌ នៅក្នុងព្រឹត្តិការណ៍បេតិកភណ្ឌវប្បធម៌អរូបីនេះ ក្រុមសិល្បករកម្ពុជាបាននាំយកសកម្មភាពចូលរួមសំខាន់ៗចំនួន៣៖
១. ការចូលរួមថ្លែងសុន្ទរកថាបើកកម្មវិធីសប្តាហ៍បេតិកភណ្ឌវប្បធម៌អរូបីចិន-អាស៊ាន និងការធ្វើបទបង្ហាញអំពី “សមិទ្ធិផលសំខាន់ៗនៃកិច្ចការអភិរក្ស និងអភិវឌ្ឍន៍បេតិកភណ្ឌវប្បធម៌អរូបីរបស់កម្ពុជា” នៅក្នុងកម្មវិធីវេទិកាវប្បធម៌អរូបីចិន-អាស៊ាន របស់ឯកឧត្តម លី វណ្ណា អនុរដ្ឋលេខាធិការនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។
២. ការបង្ហាញសម្លៀកបំពាក់ប្រពៃណីខ្មែរចំនួន៦ទំរង់ និងការតាំងពិព័រណ៍អំពីផលិតផលក្នុងស្រុកធ្វើដោយដៃ ដែលក្នុងនោះរួមមាន សម្លៀកបំពាក់ប្រពៃណី, សំពត់ហូលពិដាន, មុខខ្មុក, ស្បែកតូច, ក្រម៉ា, បណ្តោងសោ, ស្ទីកគ័រគំនូរបុរាណ, រូបគំនូរបុរាណ, តែខ្ញី និងវត្ថុអនុស្សាវរីយ៍ដទៃទៀត។ ក្រុមនិស្សិតចិនដែលកំពុងរៀនភាសាខែ្មរ និងក្រុមនិស្សិតខ្មែរដែលកំពុងសិក្សានៅខេត្តក្វាងសុីបានមកចូលរួមជួយរៀបចំការដាក់តាំងពិព័រណ៍នេះផងដែរ និងបាននាំយកនំបញ្ចុក, ទឹកសណ្តែក និងបង្អែមចេកខ្ទិះមកដាក់តាំង និងចែកជូនភ្ញៀវទស្សនិកជនពិសាដោយឥតគិតថ្លៃទៀតផង ដើម្បីផ្សព្វផ្សាយម្ហូបខ្មែរ។ ជាមួយនឹងការដាក់តាំងពិព័រណ៍នេះ ក្រុមសិល្បករខ្មែរបានសម្តែងរបាំឆៃយ៉ាំជូនភ្ញៀវទស្សនា និងនាំភ្ញៀវទស្សនិកជនរាំកំសាន្តយ៉ាងសប្បាយកុះករ។ របាំឆៃយ៉ាំ និងការច្រៀងរាំកំសាន្តនេះ បានទាក់ទាញភ្ញៀវទស្សនិកជនចិន, អាស៊ាន និងជនបរទេសដទៃទៀតចូលរួមយ៉ាងច្រើន និងសប្បាយរីករាយក្រៃលែង។
៣. សម្តែងសិល្បៈ ដោយលើកយកល្ខោនខោល, ល្ខោនស្រមោលស្បែកធំ និងរបាំឆៃយ៉ាំ មកចូលរួមសម្តែងជូនទស្សនិកជនចិន និងបណ្តាភ្ញៀវអន្តរជាតិដែលមកចូលរួមកម្មវិធីសប្តាហ៍វប្បធម៌អរូបីនេះ។
នៅក្នុងព្រឹត្តិការណ៍ “សប្តាហ៍បេតិកភណ្ឌវប្បធម៌អរូបីចិន-អាស៊ានលើកទី១” នេះ មានអ្នកចូលរួម ច្រើនរយនាក់ដែលក្នុងនោះ រួមមាន៖ សិល្បករមកពីប្រទេសអាស៊ានចំនួន៦ គឺ កម្ពុជា, ឡាវ, វៀតណាម, ថៃ, មីយ៉ាន់ម៉ា និងឥណ្ឌូនេសុី និងក្រុមសិល្បករ និងអ្នកជំនាញវប្បធម៌អរូបីចិនមកពីខេត្តចំនួន២៥ បានចូលរួមធ្វើបទបង្ហាញក្នុងវេទិកាវប្បធម៌អរូបីចិន-អាស៊ាន, ដាក់តាំងបង្ហាញផលិតផលសិល្បៈ និងវប្បធម៌ ព្រមទាំងសម្តែងសិល្បៈប្រចាំតំបន់របស់ខ្លួនតាមកម្មវិធីដែលបានគ្រោងទុក។ ក្រសួងវប្បធម៌អះអាងថា
ព្រឹត្តិការណ៍វប្បធម៌អរូបីនេះ ពិតជាបានផ្តល់ឱកាសអោយកម្ពុជាបានផ្សព្វផ្សាយនូវបេតិកភណ្ឌវប្បធម៌អរូបីរបស់ខ្លួនលើឆាកអន្តរជាតិ ជាពិសេសដល់ប្រទេសចិន និងបណ្តាប្រទេសអាស៊ានមួយចំនួនដែលបានអញ្ជើញមកចូលរួម ព្រមទាំងទទួលបានចំណេះ និងបទពិសោធន៍ថ្មីៗពីបណ្តាប្រទេសដទៃជាពិសេសចិន និងអាស៊ានក្នុងវិស័យអភិរក្ស និងអភិវឌ្ឍន៍បេតិកភណ្ឌវប្បធម៌អរូបីនៅក្នុងតំបន់៕