ភ្នំពេញ៖ កម្ពុជា បន្តទទួលឥទ្ធិពលពីកម្រិតសម្ពាធទាបខ្សោយទៅមធ្យមនិងខ្យល់ប្រែប្រួលនៅអំឡុងមួយសបា្តហ៍ខាងមុខ ខណៈនៅថ្ងៃខ្លះ អាចកើតមានឡើងនូវសម្ពាធទាប កម្ដៅ (Thermal Low) លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ យោងតាមសេចក្ដីប្រកាសរបស់ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា ឥទ្ធិពលកើតមានចាប់ពីថ្ងៃទី២៦ ខែមេសា ដល់ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣។ ក្រសួងបានលើកឡើងថា ស្ថានភាពបែបនេះនឹងធ្វើឲ្យតំបន់ទំនាបកណ្តាល មានសីតុណ្ហភាពអប្បបរមា មានពី ២៥-២៧ អង្សាសេ និងសីតុណ្ហភាពអតិបរមា មានពី ៣៦-៣៨ អង្សាសេ ហើយផ្នែកមួយចំនួននៃបណ្តារាជធានី-ខេត្ត អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីខ្សោយទៅមធ្យម និងអាចបង្គួរ នៅផ្នែកខ្លះលាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ពិសេសបណ្តាខេត្តភាគពាយ័ព្យ ។ ក្រសួងបន្តថា នៅតំបន់ខ្ពង់រាប សីតុណ្ហភាពអប្បបរមា មានពី ២៥-២៧ អង្សាសេ និងសីតុណ្ហភាពអតិបរមា មានពី ៣៥-៣៧ អង្សាសេ ហើយអាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីខ្សោយទៅមធ្យម លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។ ដោយឡែកនៅតំបន់មាត់សមុទ្រ សីតុណ្ហភាពអប្បបរមា មានពី ២៥-២៧ អង្សាសេ និងសីតុណ្ហភាពអតិបរមា មានពី ៣៣-៣៥ អង្សាសេ ហើយអាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីខ្សោយទៅមធ្យម លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។ ក្រសួងធនធានទឹក និងឧតុនិយម បានជំរុញឱ្យបង្កើនការប្រុងប្រយ័ត្ន ចំពោះបាតុភូតធម្មជាតិដែលអាចកើតមានឡើងជាយថាហេតុ ផងដែរ៕