ភ្នំពេញ៖ អធិការរងស្រុកបាភ្នំ ខេត្តព្រៃវែង ត្រូវបានចៅក្រមស៊ើបសួរ សាលាដំបូងសម្រេចបញ្ជាឲ្យឃុំខ្លួនដាក់ពន្ធនាគារជាបណ្ដោះអាសន្ន ពីបទហិង្សាមានស្ថានទម្ងន់ទោស ដោយប្រើប្រាស់អាវុធ តាមមាត្រា២១៨ នៃក្រមព្រហ្មទណ្ឌ។ អ្នកនាំពាក្យសាលាដំបូង ខេត្តព្រៃវែង បានឱ្យដឹងថា ជនត្រូវចោទមានឈ្មោះ ស៊ាន ប៊ុនណាល់ ភេទប្រុស អាយុ២៦ឆ្នាំ មានតួនាទីជាអធិការរងស្រុកបាភ្នំ នៅភូមិស្វាយពក ឃុំស្ពឺក ស្រុកបាភ្នំ ខេត្តព្រៃវែង។ រីឯជនរងគ្រោះឈ្មោះ សាន វិច្ឆកា ភេទប្រុស អាយុ៣៦ឆ្នាំ នៅភូមិព្រៃក្ដួច ឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង បានរបួសធ្ងន់កំពុងសង្គ្រោះបន្ទាន់នៅប្រទេសវៀតណាម។
អ្នកនាំពាក្យបានឱ្យដឹងដែរថា ការឃុំខ្លួននេះ បន្ទាប់ពី លោក ចាន់ វណ្ណះ ព្រះរាជអាជ្ញារងខេត្តព្រៃវែង សម្រេចចោទប្រកាន់ពីបទហិង្សាមានស្ថានទម្ងន់ទោស ដោយប្រើប្រាស់អាវុធ និងបានបញ្ជូនសំណុំរឿងទៅចៅក្រមស៊ើបសួរ ដើម្បីចាត់ការបន្តតាមនីតិវិធី។ សូមបញ្ជាក់ថា កម្លាំងអធិការដ្ឋាននគរបាលស្រុកបាភ្នំ ខេត្តព្រៃវែង បានចុះបង្ក្រាបទីតាំងលួចលេងល្បែងជល់មាន់នៅចំណុចភូមិគ្រួស ឃុំឈើកាច់ និងបង្កឱ្យមានការផ្ទុះអាវុធ បណ្ដាលឲ្យបុរសម្នាក់រងរបួសធ្ងន់ កាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣៕