ការប្តេជ្ញារបស់ជប៉ុន បានធ្វើឡើងនៅក្នុង ជំនួបពិភាក្សាការងាររវាងលោកស្រី ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្ប: ជាមួយលោក UENO Atsushi ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃរាជាណាចក្រជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ទី២០ ខែមេសា ឆ្នាំ២០២៣។
ថ្លែងក្នុងឱកាសនោះ លោក UENO Atsushi បានបញ្ជាក់ថា ក្នុងនាមជាមិត្តជិតស្និទ្ធរបស់កម្ពុជា និងក្នុងអណត្តិការទូតរបស់ឯកឧត្តមនៅកម្ពុជា លោកប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការវប្បធម៌កម្ពុជា-ជប៉ុន ឲ្យបានរឹងមាំមួយកំរិតថែមទៀត និងបន្តជួយអភិរក្ស អភិវឌ្ឍវប្បធម៌នៃព្រះរាជាណាចក្រកម្ពុជា។ លោកឯកអគ្គរាជទូត បានសម្តែងនូវក្តីរំភើប ស្ងើចសរសើរចំពោះវប្បធម៌ដ៏សំបូរបែបនៃព្រះរាជាណាចក្រកម្ពុជា និងបានចូលរួមអបអរសារទរចំពោះការរៀបចំពិធីផ្សេងៗរបស់កម្ពុជា នាឱកាសចូលឆ្នាំថ្មី ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧នេះ ប្រ កបដោយភាពរលូននិងជោគជ័យខ្ពស់។ ចំណែកលោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា បានថ្លែងអំណរគុណចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អលើវិស័យវប្បធម៌ និងសិល្បៈរបស់ជប៉ុនជាមួយកម្ពុជា ជាពិសេសកិច្ចឧបត្ថម្ភគាំទ្រក្នុងការអភិរក្សប្រាសាទបុរាណ និងសកម្មភាពវប្បធម៌ផ្សេងៗទៀត រួមទាំងការអភិរក្ស និងអភិវឌ្ឍបេតិកភណ្ឌវប្បធម៌ទាំងរូបី និងអរូបី ហើយសង្ឃឹមថាកិច្ចការទាំងនេះនឹងបន្តទៅមុខទៀត។ លោកស្រីរដ្ឋមន្រ្តី ក៏បានស្វាគមន៍ផងដែរ នូវសកម្មភាពវប្បធម៌នានាកម្ពុជា-ជប៉ុន ដើម្បីអបអរសារទរខួបលើកទី៧០នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ៕