ភ្នំពេញ៖ ឋានន្តរស័ក្តិ ថ្នាក់ នាយឧត្តមសេនីយ៍ ត្រូវបានសម្តេច ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងការពារជាតិ ធ្វើពិធីបំពាក់ជូនលោក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក។ ពិធីបំពាក់ឋានន្តរស័ក្តិ ថ្នាក់ នាយឧត្តមសេនីយ៍ ជូនលោក ហ៊ុន ម៉ាណែត បានធ្វើឡើងនាព្រឹកថ្ងៃទី ២០ ខែមេសា ឆ្នាំ ២០២៣ នៅទីស្តីការក្រសួងការពារជាតិ។ សូមបញ្ជាក់ថា លោក ហ៊ុន ម៉ាណែត ត្រូវបានព្រះមហាក្សត្រម្ពុជា ដំឡើងឋានន្តរស័ក្តិ ពីឧត្តមសេនីយ៍ឯក ទៅជានាយឧត្តមសនីយ៍ តាមសំណើររបស់រាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣។
លោក ហ៊ុន ម៉ាណែត បានបញ្ចប់ការសិក្សាពីសាលាទាហាន West Point នៃសហរដ្ឋអាមេរិក។ បច្ចុប្បន្នលោកជាអគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក។ មន្រ្តីជាន់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ធ្លាប់បានប្រាប់អ្នកសារព័ត៌មានថា ការតែងតាំងលោក ហ៊ុន ម៉ាណែត គឺផ្អែកទៅលើការងារ សមត្ថភាព និងឆន្ទានុសិទ្ធិរបស់រដ្ឋាភិបាល ដែលមើលឃើញថា បុគ្គលណាម្នាក់មានគុណសម្បត្តិគ្រប់គ្រាន់ដើម្បីទទួលបានតែងតាំង និងដំឡើងមុខតំណែង៕