ភ្នំពេញ៖ ប្រតិភូទាំងអស់ដែលចូលរួមក្នុងព្រឹត្តិការណ៍ស៊ីហ្គេម នៅម្ពុជា នឹងទទួលបានការស្នាក់នៅ ហូបចុក ដោយមិនគិតកម្រៃ និងមិនធ្លាប់មានក្នុងប្រវត្តិស៊ីហ្គេម នាពេលកន្លងទៅ។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិ (CAMSOC-CAMAPGOC) បានមានប្រសាសន៍ថា ការមិនទទួលយកប្រាក់កម្រៃ ឬថ្លៃសេវារបស់ ប្រតិភូកីឡា សម្រាប់ការហូបចុក-ស្នាក់នៅ ក្នុងម្នាក់ៗ ចំនួន ៥០ ដុល្លារ ក្នុង១ថ្ងៃៗនេះ គឺជាការសម្រេចចិត្ត ដ៏វិសេសវិសាលមួយ មិនធ្លាប់មានក្នុងប្រវត្តិស៊ីហ្គេម ហើយក្នុងនាមជាម្ចាស់ផ្ទះ នឹងគោរពនូវការសម្រេចចិត្តដ៏ខ្ពង់ខ្ពស់របស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា។
អគ្គលេខាធិការ គណៈកម្មាធិការជាតិ បានអំពាវនាវដល់ សហព័ន្ធកីឡាជាតិ ដែលគ្រប់គ្រងក្រុម កីឡាករ កីឡាការិនីជម្រើសជាតិទាំងអស់ ត្រូវថែទាំសុខភាពពួកគាត់ឲ្យបានល្អ ប្រសើរ រួមទាំងថែបំប៉នគុណភាពបច្ចេកទេស អត្តពលិកកម្ពុជា ឲ្យបានរឹងមាំ។
សូមជម្រាបថា គិតត្រឹមថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣នេះ នៅសល់១៦ថ្ងៃទៀតប៉ុណ្ណោះ ដែលកម្ពុជានឹងឆ្ពោះទៅការធ្វើជាម្ចាស់ផ្ទះកីឡាអាស៊ីអាគ្នេយ៍ និងអាស៊ានប៉ារ៉ាហ្គេម៕