ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងនៅថ្ងៃទី១៨ ខែមេសា នេះថា កូនផ្សោត១ក្បាលទៀត ហើយ បានកើតនៅអន្លង់កាំពី ខេត្តក្រចេះ កាលពីថ្ងៃទី០២ នៃពិធីបុណ្យចូលឆ្នាំថ្មី ត្រូវនឹងថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣។
បើតាមក្រសួងកសិកម្ម កូនផ្សោត១ ក្បាលនេះ ត្រូវបានប្រទះឃើញ ដោយអ្នកបើកទូកទេសចរប្រចាំអន្លង់កាំពី ខណៈវាកំពុងហែលលេងជាមួយហ្វូងផ្សោតពេញវ័យជាច្រើនទៀតនៅអន្លង់កាំពី ភូមិកាំពី ឃុំ ស្រុកចិត្របុរី ខេត្តក្រចេះ។
ក្រោយពីប្រទះឃើញកូនផ្សោតនេះ អ្នកបើកទូកទេសចរបានរាយការជូនប្រធានឆ្មាំទន្លេ និងមន្ត្រីជលផលខេត្តក្រចេះ និងបុគ្គលិកអង្គការ WWF ដើម្បីជាព័ត៌មាន កត់ត្រា និងតាមដានបន្តទៀត។ ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣ នេះ ក្រុមស្រាវជ្រាវនៃខណ្ឌជលផលខេត្តក្រចេះ និងអង្គការ WWF បានចុះតាមដានកូនផ្សោតទើបកើតថ្មី ដោយតាមការប៉ាន់ប្រមាណកូនផ្សោតនេះទើបតែមានអាយុប្រមាណ ៣ថ្ងៃប៉ុណ្ណោះ។ ហើយនេះជាកូនផ្សោតទី០២ ដែលបានកត់ត្រានៅឆ្នាំ២០២៣។ សូមបញ្ជាក់ថា នៅឆ្នាំ២០២២ ក្រុមការងារបានកត់ត្រាកូនផ្សោតបានចំនួន០៦ក្បាល និងនៅឆ្នាំ២០២១ ក្រុមការងារបានកត់ត្រាកូនផ្សោតបានចំនួន០៦ ក្បាល៕