ភ្នំពេញ៖ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានប្រកាសធ្វើការត្រួតពិនិត្យ និងពង្រឹងឡើងវិញនូវគោលការណ៍ចំនួន៤ បន្ទាប់ពីមានប្រតិកម្មពីសំណាក់អ្នកនិយមគុនខ្មែរ ជុំវិញសកម្មភាពនៃការប្រកួតកីឡាប្រដាល់ កាលពីថ្ងៃទី ១៥ ខែមេសា ឆ្នាំ២០២៣ នៅខេត្តសៀមរាប។ យោងតាមសេចក្តីប្រកាសព័ត៌មាននៃកិច្ចប្រជុំពិសេសមួយក្រោមការដឹកនាំរបស់ លោក ឧត្តមសេនីយ៍ឯក តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានឱ្យដឹងថា សហព័ន្ធកីឡាប្រដាល់គុនខ្មែរ ពិនិត្យ និងពង្រឹងឡើងវិញនូវ គោលការណ៍រួមមាន៖
១-បទបញ្ជាការប្រកួតឱ្យកាន់តែមានប្រសិទ្ធភាព,
២-ប្រកាសឱ្យបានច្បាស់លាស់នូវលក្ខខ័ណ្ឌការប្រកួតចំនួនទឹកដល់កីឡាករ កីឡាការិនី និងមហាជនបានជ្រាប។
៣-ធ្វើការពង្រឹងសមត្ថភាពរបស់អាជ្ញាកណ្តាល ចៅក្រមដឹកនាំការប្រកួតបន្ថែមទៀត។
៤-គ្រប់គ្រង ថែទាំកីឡាករជម្រើសជាតិឱ្យបានល្អ សម្រាប់ត្រៀមលក្ខណៈចូលរួមការប្រកួតកីឡាស៊ីហ្គេមខាងមុខ។
គួរកត់សម្គាល់ថា កិច្ចប្រជុំពិសេសនេះ បានកើតឡើងបន្ទាប់ពីមានការរិៈគន់យ៉ាងខ្លាំងពីសំណាក់អ្នកនិយមគុនខ្មែរ លើអាជ្ញាធរកណ្ដាលកាត់សេចក្ដីរវាងកីឡាករ ឈឿង ល្វៃ និងកីឡាករ ថៃ សាមី បានចាមេក ដែលហាក់មានភាពមិនប្រក្រតី។
ជុំវិញបញ្ហានេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានអំពាវនាវឲ្យបញ្ចប់នូវការរិះគន់វាយប្រហាគ្នាទៅវិញទៅមក កុំឲ្យក្លាយជាបញ្ហាធំ គ្របដណ្តប់សាធារណៈមតិ និងកុំឲ្យការប្រកួតកីឡាប្រដាល់នៅខេត្តសៀមរាប ក្លាយជា បញ្ហាចាក់ដោតរហូតដល់មានជម្លោះកើតឡើង៕