BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

រយៈពេល៣ថ្ងៃ នៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ កម្ពុជាទទួលបានទេសចរសរុបជាង១៣លាននាក់

ថ្ងៃអង្គារ, 18 ខែមេសា 2023 08:56  មានជ័យ

a-70
 

តាមរបាយការណ៍ទទួលបានពីមន្ទីរទេសចរណ៍រាជធានី ខេត្ត បានឲ្យដឹងថា រយៈពេល៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ចាប់ពីថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០២៣ នៅទូទាំងប្រទេស កម្ពុជាទទួលបានភ្ញៀវទេសចរសរុប១៣,១៨៧,៧៧១នាក់ ក្នុងនោះភ្ញៀវជាតិ ១៣.១៣២.០៨០ នាក់ និងភ្ញៀវអន្តរជាតិ ៥៥.៦៩១ នាក់។ បើតាមក្រសួងទេសចរណ៏ នៅថ្ងៃទី១៤ ខែមេសា៖ ភ្ញៀវមានចំនួន២.០៩៨.៥០១ នាក់, ថ្ងៃទី១៥ ខែមេសា៖ ភ្ញៀវមានចំនួន ៤.២៣៧.៧៨០ នាក់ និងថ្ងៃទី១៦ ខែមេសា៖ ភ្ញៀវមានចំនួន ៦.៨៥១.៤៩០ នាក់។ ចំណែកគោលដៅទេសចរណ៍សំខាន់ៗរួមមាន៖ ខេត្តសៀមរាប ២.១២០.៣៧៣ នាក់, ខេត្តបាត់ដំបង១.៥០០.១៦៨ នាក់, ខេត្តកំពង់ចាម១.៤០៨.៨១១ នាក់, រាធានីភ្នំពេញ ១.០៨០.៥០៩ នាក់, ខេត្តព្រះសីហនុ៨៨៧.៨៩៣ នាក់, ខេត្តកំពត ៨៧០.៣៩៩ នាក់, ខេត្តស្វាយរៀង ៧៦០.៣៩៩ នាក់, ខេត្តកំពង់ឆ្នាំង ៧៣៩.១៥៩ នាក់, ខេត្តបន្ទាយមានជ័យ ៦៥០.០១៣ នាក់ និងខេត្តកំពង់ស្ពឺ ៥១២.៨៩៨ នាក់។

ជាការកត់សម្គាល់របស់ក្រសួងទេសចរណ៏ ចំនួនភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋប្រមាណជាង១៣ លាននាក់ ក្នុងរយៈពេល៣ថ្ងៃនេះ គឺជាចំនួនមួយដ៏ច្រើនលើសលុបលើសពីការរំពឹងទុក និងច្រើនជាងពេលមុនវិបត្តិជំងឺកូវីដ-១៩ទៅទៀត។ ចំនូនភ្ញៀវទាំងជាង ១៣លាននាក់នេះ គឺរដ្ឋបាលរាជធានី ខេត្ត រាប់បញ្ចូលចំនួនភ្ញៀវទេសចរដែលធ្វើដំណើរកម្សាន្តនៅតាមរមណីយដ្ឋាន និងគោលដៅទេសចរណ៍ទូទាំងប្រទេស ចំនួនបងប្អូនប្រជាជនដែលបានចូលរួមលេងកម្សាន្តនៅតាមទីតាំងដែលមានការរៀបចំកម្មវិធីសង្រ្កាន្ត ព្រមជាមួយបងប្អូនប្រជាពលរដ្ឋ ដែលលេងកម្សាន្តនៅតាមភូមិស្រុក និងកន្លែងជួបជុំនានា។ នៅក្នុងព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ដែលជាខួប១០ឆ្នាំនៃព្រឹត្តិការណ៍នេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចតេជោនាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធិបណ្ឌិត និងការរៀបចំកម្មវិធីសង្រ្កាន្តនៅគ្រប់រាជធានីខេត្ត ពិសេសនៅតាមទីប្រជុំជនទីរួមខេត្ត ទីរួមស្រុក តំបន់គោលដៅទេសចរណ៍សំខាន់ៗ វត្តអារាម និងនៅតាមភូមិស្រុកនានា គឺជាកត្តាដែលបានទាក់ទាញឲ្យភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋដើរកម្សាន្តយ៉ាងច្រើនកុះករ ស្របពេលដែលពីមួយថ្ងៃទៅមួយថ្ងៃនៃពិធីបុណ្យ៣ថ្ងៃនេះ បណ្តារាជធានីខេត្តបានបង្កើនទំហំនៃការជួបជុំកម្សាន្តកម្មវិធីសង្រ្កាន្តនៅតាមទីប្រជុំជនសំខាន់ៗ ដូចជាការបន្ថែមឡានទឹកសម្រាប់បាញ់ទឹកកម្សាន្ត និងការប្រគុំតន្រ្តីបន្ថែមជាដើម។ ទន្ទឹមនឹងនេះ សកម្មភាពនៃការដើរកម្សាន្តរបស់ភ្ញៀវ និងបងប្អូនប្រជាពលរដ្ឋ មានតាំងពីពេលព្រឹករហូតដល់យប់អាធ្រាតុ ពិសេសការកម្សាន្តបាញ់ទឹក លាបម្សៅ និងចាក់ភ្លេងកម្សាន្តជាដើម។

ចរន្តភ្ញៀវទេសចរដ៏ច្រើននេះ បានបង្កើតជាផលប្រយោជន៍សេដ្ចកិច្ចដ៏ច្រើនទាំងនៅថ្នាក់ជាតិ និងនៅតាមមូលដ្ឋាន។ បណ្តាសណ្ឋាគារ ផ្ទះសំណាក់ និងសេវាស្នាក់នៅផ្សេងៗនៅស្ទើរគ្រប់ខេត្ត បានទទួលភ្ញៀវស្ទើរពេញស្ទើរ ១០០%។ ទន្ទឹមនឹងនេះ បណ្តាភោជនីយដ្ឋាន និងអាហារដ្ឋាន ក៏មានភ្ញៀវចូលពេញៗក្នុងរយៈពេល៣ថ្ងៃនេះ ដែលមានភាពខុសគ្នាធៀបនឹងពេលកំពុងមានវិបត្តិកូវីដ-១៩ខ្លាំង ដែលពួកគាត់ភាគច្រើនបានរៀបចំម្ហូបអាហារដោយខ្លួនឯងសម្រាប់បរិភោគ។ វិស័យឯកជនបានសំដែងការរីករាយជាពន់ពេកចំពោះចរន្តភ្ញៀវដ៏ច្រើនលើសពីការរំពឹងទុក នាឱកាសពិធីបុណ្យចូលឆ្នាំថ្មីនេះ និងបន្តមានសុទិដ្ឋិនិយមខ្ពស់ចំពោះការងើបឡើងវិញនៃវិស័យទេសចរណ៍ ខណៈដែលឆ្នាំ២០២៣ គឺជាឆ្នាំទស្សនាកម្ពុជា Visit Cambodia Year។ ចំណែកសភាពការណ៍សន្តិសុខ សណ្តាប់ធា្នប់ សុវត្ថិភាព ការគ្រប់គ្រងចរន្តភ្ញៀវ និងការគ្រប់គ្រងគុណភាព និងតម្លៃសេវាទេសចរណ៍នានា មានភាពល្អប្រសើរច្រើន បើទោះបីមានបញ្ហាចោទឡើងតិចតួច ខណៈដែលកំលាំងមានសមត្ថកិច្ច ទាំងនៅថ្នាក់ជាតិ និងគណៈបញ្ជាការឯកភាពរាជធានីខេត្ត បានអនុវត្តការងារប្រកបដោយការទទួលខុសត្រូវខ្ពស់។ ប្រជាពលរដ្ឋទូទៅ ពិសេសយុវជន សិស្ស-និស្សិត និងកម្មករ កម្មការី មានសេចក្តីរីករាយ និងថ្លែអំណរគុណ សម្តេចតេជោនាយករដ្ឋមន្រ្តី ដែលបានអនុញ្ញាតឲ្យមានការដឹកជញ្ជូនតាមរថយន្តក្រុងសាធារណៈដោយឥតគិតថ្លៃសម្រាប់ការធ្វើដំណើរទៅមកស្រុកកំណើត។ ជារួមចរន្តភ្ញៀវដ៏ច្រើនកុះករមិនធ្លាប់មានក្នុងឱកាសចូលឆ្នាំនេះ គឺបានមកពីការជឿជាក់លើភាពស៊ាំសហគមន៍ក្នុងការគ្រប់គ្រងជំងឺកូវីដ-១៩ ការរៀបចំព្រឹត្តិការណ៍កម្សាន្តដ៏សំបូរបែប ពិសេសព្រឹត្តិការណ៍អង្គរសង្រ្កាន្ត និងការធានាបាននូវសុខសន្តិភាពពេញលេញដែលអនុញ្ញាតឲ្យប្រជាពលរដ្ឋដើរកម្សាន្តបានទូទាំងប្រទេស៕  

photo_10_2023-04-18_08-45-53
photo_9_2023-04-18_08-45-53
photo_8_2023-04-18_08-45-53
photo_7_2023-04-18_08-45-53
photo_6_2023-04-18_08-45-53
photo_5_2023-04-18_08-45-53
photo_4_2023-04-18_08-45-53
photo_3_2023-04-18_08-45-53
photo_2_2023-04-18_08-45-53
photo_1_2023-04-18_08-45-53
a-70
 


ថ្ងៃអង្គារ, 18 ខែមេសា 2023 08:56  មានជ័យ