សហគមន៍ទេសចរណ៍ធម្មជាតិត្រាវកុដ្ឋ ស្ថិតក្នុងឃុំបល្ល័ង ស្រុកប្រាសាទបាគង ខេត្ដសៀមរាប ដែលមានចម្ងាយប្រមាណជា២៤គីឡូម៉ែត្រ នៅផ្នែកខាងកើតឆៀងខាងជើងពីក្រុងសៀមរាប ដែលនៅទីនោះ បាននិងកំពុងតែទាក់ទាញភ្ញៀវទេសចរយ៉ាងច្រើនទៅកម្សាន្តជារៀងរាល់ថ្ងៃ ហើយសហគមន៍ទេសចរណ៍ធម្មជាតិ នឹងអាចក្លាយទៅជាសហគមន៍ទេសចរណ៍វប្បធម៌ និងធម្មជាតិ នាថ្ងៃអនាគតផងដែរ។សហគមន៍ទេសចរណ៍ធម្មជាតិត្រាវកុដ្ឋ មានបឹងធម្មជាតិ ដែលមានសក្កានុពលស្រាប់ ដែលបឹងនេះមានទេសភាពស្អាត ហើយមើលទៅផ្ទៃទឹកជាប់ជើងភ្នំខៀវស្រងាត់តែម្តង។ ដើម្បីឱ្យបឹងនេះ កាន់តែមានភាពស្រស់ស្អាត សហគមន៍ទេសចរណ៍នៅទីនោះ បានសហការជាមួយដៃគូអភិវឌ្ឍន៍ រៀបចំឱ្យមានភោជនីយដ្ឋាន និងបូទិចនៅជុំវិញបឹងនេះ និងបានកែលម្អ តុបតែងដោយផ្កាផ្សេងៗ ដែលរួមចំណែកធ្វើឱ្យសហគមន៍ទេសចរណ៍មួយនេះ កាន់តែមានភាពទាក់ទាញ។ បច្ចុប្បន្ននេះ សហគមន៍ទេសចរណ៍ធម្មជាតិត្រាវកុដ្ឋ មានកន្លែងកម្សាន្តជាច្រើនដូចជា ការជិះទូកកម្សាន្ត ការជិះកង់លើអាកាស និង ការអង្គុយទទួលទានអាហារនៅមាត់ទឹកស្របខ្យល់បរិសុទ្ធ។ លោក អ៊ូ បញ្ញា ប្រធានសហគមន៍ទេសចរណ៍ធម្មជាតិត្រាវកុដ្ឋធ្លាប់បានឱ្យដឹងថា សហគមន៍ទេសចរណ៍ធម្មជាតិត្រាវកុដ្ឋ គ្រោងអភិវឌ្ឍន៍ឱ្យក្លាយទៅជាសហគមន៍ទេសចរណ៍វប្បធម៌ និងធម្មជាតិ ដែលទាក់ទាញភ្ញៀវទេសចរបំផុតនៅថ្ងៃអនាគត និងជួយធ្វើឱ្យប្រជាពលរដ្ឋដែលរស់នៅជុំវិញតំបន់នោះ មានជីវភាពកាន់តែប្រសើរ តាមរយៈការទទួលបានចំណូលពីវិស័យទេសចរណ៍។
បឹងធម្មជាតិត្រាវកុដ្ឋ បានក្លាយជាសហគមន៍ទេសចរណ៍រណប ដែលស្ថិតនៅចំកណ្ដាលរវាងក្រុងសៀមរាប និងភ្នំគូលេន ប្រាសាទបន្ទាយស្រី ប្រាសាទបាគង ប្រាសាទបឹងមាលា និងតំបន់អង្គរ។ ដើម្បីឱ្យតំបន់នេះកាន់តែមានភាពទាក់ទាញ សហគមន៏គ្រោងអភិវឌ្ឍន៍បន្ថែម ដូចជា កន្លែងមើលថ្ងៃលិច កន្លែងភ្ញៀវជិះរទេះគោ ទស្សនាការដាំបន្លែរបស់ប្រជាពលរដ្ឋ និងបង្កើតឱ្យមានភូមិកសិទេសចរណ៍ជាដើម។ បច្ចុប្បន្ននេះ សហគមន៍ទេសចរណ៍ធម្មជាតិត្រាវកុដ្ឋ មានភ្ញៀវទេសចរទៅកម្សាន្តក្នុង១ថ្ងៃ ចាប់ពីជាង ៥០០នាក់ទៅ១.០០០នាក់ជារៀងរាល់ថ្ងៃ។
លោក ង៉ូវ សេងកាក់ ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប បានគំាទ្រចំពោះការរៀបចំសហគមន៍ទេសចរណ៍មួយនេះឱ្យកាន់តែមានភាពទាក់ទាញ ដើម្បីឱ្យប្រជាពលរដ្ឋនៅតាមសហគមន៍ទទួលបានចំណូលដោយផ្ទាល់ពីវិស័យទេសចរណ៍។ លោកបន្តថា បច្ចុប្បន្ននេះក្រៅពីប្រាសាទបុរាណ ខេត្តសៀមរាបមាន ផ្ទះស្នាក់បែបបុរាណ ភោជនីយដ្ឋានក្នុងស្រុក ទំនៀមទម្លាប់ការរស់នៅប្រចាំថ្ងៃរបស់ប្រជាជន វប្បធម៌ និងសហគមន៍ទេសចរណ៍ជាច្រើនទៀត ដែលភ្ញៀវទេសចរ តែងតែចង់ឈ្វេងយល់ និងទៅដោយផ្ទាល់។ ដើម្បីឱ្យភ្ញៀវទេសចរបានស្គាល់ពីរមណីយដ្ឋានធម្មជាតិជាច្រើន ដែលមាននៅខេត្តសៀមរាបក្រៅពីប្រាសាទបុរាណ អាជ្ញាធរខេត្តបានបង្កើតឱ្យមានផែនទីទេសចរណ៍ផងដែរ ដែលផែនទីនេះបានបង្ហាញអំពីរមណីយដ្ឋានធម្មជាតិទាំងអស់នៅក្នុងខេត្តសៀមរាបឱ្យអ្នកទេសចរបានដឹង ហើយផែនទីនេះ បានដាក់ជូនទៅទីភ្នាក់ងារទេសចរណ៍ទាំងអស់ ដើម្បីដាក់បញ្ជូលទៅក្នុងកញ្ចប់ទស្សនា ដែលបានលក់ជូនភ្ញៀវទេសចរ ដើម្បីធ្វើយ៉ាងណាឱ្យភ្ញៀវទេសចរបានទៅដល់សហគមន៍។ គួររំលឹកថា សហគមន៍ទេសចរណ៍ធម្មជាតិត្រាវកុដ្ឋ ក៏បានជាប់ជាបេក្ខភាពសហគមន៍ទេសចរណ៍គំរូ ក្នុងចំណោមសហគមន៍បេក្ខភាពចំនួន២៧ សម្រាប់ឆ្នាំ២០១៨ផងដែរ៕