ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានអំពាវនាវដល់សាធារណជនឱ្យប្រុងប្រយ័ត្ន ចំពោះបាភូតធម្មជាតិ ខណៈក្នុងរយៈពេលមួយសប្ដាហ៍ខាងមុខ កម្ពុជាទទួលឥទ្ធិពលពីជ្រលងសម្ពាធទាបក្នុងកម្រិតពីខ្សោយ ទៅមធ្យម នឹងអាចមានភ្លៀងលាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។ យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងនៅព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣នេះថា ស្ថានភាពបែបនេះនឹងធ្វើឱ្យតំបន់ទំនាបកណ្តាល មានសីតុណ្ហភាពអប្បបរមា ពី ២៥-២៧ អង្សាសេ និងសីតុណ្ហភាពអតិបរមា មានពី ៣៥-៣៩ អង្សាសេ ហើយពីថ្ងៃទី១២-១៤ ខែមេសា អាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅតិចតួច ។ បន្ទាប់ពីនោះបរិមាណភ្លៀង និងកើនឡើងក្នុងកម្រិតពីមធ្យមទៅបង្គួរ លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។ ក្រសួងឱ្យដឹងបន្តថា នៅតំបន់ខ្ពង់រាប សីតុណ្ហភាពអប្បបរមា មានពី ២៥-២៧ អង្សាសេ និងសីតុណ្ហភាពអតិបរមា មានពី ៣៦- ៣៨ អង្សាសេ ហើយពីថ្ងៃទី១២-១៤ ខែមេសា អាចមានភ្លៀងក្នុងកម្រិតខ្សោយតិចតួច ។ បន្ទាប់ពីនោះបរិមាណភ្លៀង និងកើនឡើងក្នុងកម្រិតពីមធ្យមទៅបង្គួរ លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។ សេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងបន្តថា នៅតំបន់មាត់សមុទ្រ សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ អង្សាសេ និងសីតុណ្ហភាពអតិបរមា មានពី ៣៤-៣៦ អង្សាសេ ហើយអាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅមធ្យម លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។ ក្រសួងបានអំពាវនាវដល់សាធារណជនឱ្យបង្កើនការប្រុងប្រយ័ត្ន ចំពោះបាតុតធម្មជាតិ ដែលអាចកើតមានឡើងជាយថាហេតុ៕