ដើម្បីបង្កបរិយាកាសរីករាយ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងចូលមកដល់នាពេលខាងមុខ រដ្ឋបាលខេត្តបាត់ដំបង សហការជាមួយ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តបាត់ដំបង និងមន្ទីរ ស្ថាប័នពាក់ព័ន្ធ រៀបចំព្រឹត្តិការណ៍សង្រ្កាន្តបាត់ដំបង២០២៣ ដែលមានរយៈពេល៥ ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ទី១៦ ខែមេសា ឆ្នាំ២០២៣ នៅបរិវេណ វិទ្យល័យនេតយ៉ង់ និងរូបសំណាកលោកតាដំបងក្រញ៉ូង ក្រុងបាត់ដំបង។ បើតាមរដ្ឋបាលខេត្តបាត់ដំបង ក្នុងព្រឹត្តិការណ៍សង្រ្កាន្តបាត់ដំបង២០២៣នេះ មានការរៀបចំពិធី និងតំបន់សំខាន់ៗដូចជា៖ តន្រ្តីសម័យ, ពិពណ៍ទូទៅ, តំបន់ត្រជាក់ចិត្ត, ភូមិម្ហូបខ្មែរ, តន្រ្តីស្រុកស្រែ, តំបន់សាសនា, ភូមិ ស.ស.យ.ក, អាហារនៃក្តីស្រលាញ់ ជាដើម។ ជាមួយគ្នានោះ រដ្ឋបាលខេត្តបាត់ដំបង បានអំពាវនាវឲ្យភ្ញៀវជាតិ អន្តរជាតិ និងបងប្អូន ប្រជាពលរដ្ឋទាំងអស់ ចូលរួមលេងកំសាន្ត ក្នុងព្រឹត្តិការណ៍សង្រ្កាន្តបាត់ដំបង២០២៣ ខាងមុខនេះ អោយបានច្រើនកុះករ។ គួររំលឹកថា ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៣នេះ ត្រូវបានអាជ្ញាធរតាមខេត្តនីមួយៗរៀបចំយ៉ាងគ្រគ្រឹកគ្រេង ទៅតាមលទ្ធភាពរបស់ខេត្តនីមួយ ដើម្បីឲ្យប្រជាពលរដ្ឋបានទស្សនកម្សាន្ត។ ការរៀបចំយ៉ាងគ្រគ្រឹកគ្រេងបែបនេះ ក៏ដោយសាតែប្រទេសកម្ពុជាទើបចាកចេញពីវិបត្តិកំវីដ១៩ ដែលរាជរដ្ឋាភិបាលបានបើកប្រទេសឡើងវិញ ហើយអនុញ្ញាតិឲ្យប្រជាពលរដ្ឋបានប្រកបមុខរបបរ និងដើរលេងពេញលេញឡើងវិញ៕