ពោធិ៍សាត់៖ មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថាន បានឱ្យដឹងថា ជួរភ្នំក្រវាញ គឺជាតំបន់មួយដែលមានអន្ទាក់សត្វព្រៃច្រើនជាងគេ ក្នុងចំណោមតំបន់ការពារធនធានធម្មជាតិនានា នៅក្នុងប្រទេសកម្ពុជា។លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពី យុទ្ធអន្ទាក់សូន្យដំណាក់កាលទី២ ថា តំបន់ជួរភ្នំក្រវាញ បានក្លាយជាតំបន់ដោះបានអន្ទាក់ច្រើនជាងគេ និងជាតំបន់មួយដែលមានហានិភ័យខ្ពស់សម្រាប់សត្វព្រៃគ្រប់ប្រភេទ។
លោកឱ្យដឹងបន្តថា អន្ទាក់ដែលត្រូវបានដោះចេញពីតំបន់ការពារធម្មជាតិ ក្នុង រយៈពេល២ឆ្នាំមកនេះ មានប្រមាណ ៦៦,៣៧៥អន្ទាក់ ក្នុងនោះតំបន់ជួរភ្នំក្រវាញ ត្រូវបានកត់សម្គាល់ឃើញមានច្រើនជាងគេ ក្នុងនោះក៏មានសត្វដំរីព្រៃដែលមានមាឌធំៗ ក៏រងការជាប់អន្ទាក់នេះដែរ។ តាមការបញ្ជាក់របស់មន្រ្តីជាន់ខ្ពស់រូបនេះ បានឱ្យដឹងថា កាលពីឆ្នាំ២០២២ អន្ទាក់ប្រមាណជាង ៣ម៉ឺន៥ពាន់អន្ទាក់ ត្រូវបានដោះចេញពីតំបន់ការពារធម្មជាតិកម្ពុជា ខណៈចំនួនអន្ទាក់ដែលត្រូវបានដោះក្នុងឆ្នាំកន្លងទៅ មានការថយចុះជាង ៤៤ភាគរយ ធៀបនឹងឆ្នាំ២០២១ និងបានអនុវត្ត នៅខេត្តនៃតំបន់ការពារធម្មជាតិ ស្ថិតក្នុងខេត្តក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី ព្រះវិហារ កំពង់ធំ និងរតនគិរី៕