ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានដាស់តឿនប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នចំពោះសុខភាពនាអំឡុងពេលអាកាសធាតុកំពុងក្ដៅ ខណៈកំដៅក្ដៅខ្លាំងពេក អាចធ្វើឱ្យឈឺ និងអាចស្លាប់បាន។ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានមានប្រសាសន៍ក្នុងសេចក្តីជូនព័ត៌មានដោយណែនាំដល់ប្រជាពលរដ្ឋទូទាំងប្រទេស ជាពិសេសប្រជាជនដែលរស់នៅតាមតំបន់ដែលមានអាកាសធាតុក្តៅខ្លាំង ត្រូវចូលរួមថែរក្សាសុខភាពផ្ទាល់ខ្លួន ដោយត្រូវអនុវត្តដោយប្រុងប្រយ័ត្នក្នុងការកាត់បន្ថយហានិភ័យសុខភាពដែលអាចកើតមានដោយសារការទទួលរងនូវកំដៅ ក្ដៅខ្លាំងមានដូចជា៖ បែកញើសខ្លាំងពេកខុសពីធម្មតា ការហត់នឿយដោយសារកំដៅក្ដៅខ្លាំង ឈឺរមូលសាច់ដុំ អស់កម្លាំង ខ្លាំង ចង្អោរ និង/ឬ ក្អួត វិលមុខ និង/ឈឺក្បាល ដួលសន្លប់ ជីពចរដើរលឿនហើយខ្សោយ និងជំងឺដាច់សរសៃឈាមខួរ ក្បាលជាដើម។ ជាមួយគ្នានេះ រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានលើឡើងថា ដើម្បីការពារសុខភាពផ្ទាល់ខ្លួន ឲ្យបានល្អ និងចៀសផុតពីបញ្ហាសុខភាពដែលអាចកើតមានជាយថាហេតុបណ្តាលមកពីអាកាសធាតុក្ដៅខ្លាំងនេះ ត្រូវរក្សាជាតិទឹកនៅក្នុងរាង្គកាយឱ្យបានគ្រប់គ្រាន់ ដោយពិសារទឹកសុទ្ធ ទឹកស្អាតល្អ ឱ្យបានច្រើន និងញឹកញាប់ លើសពី ២លីត្រ ក្នុងមួយថ្ងៃជាដើម។ យោងតាមឯកសាររបស់អង្គការសុខភាពពិភពលោកចេញផ្សាយ នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២២ បានបង្ហាញថា យ៉ាងហោចណាស់មានមនុស្ស ១៥.០០០នាក់ ត្រូវបានស្លាប់ ដោយសារអាកាសធាតុក្តៅពេកនៅអឺរ៉ុប នាក្នុងឆ្នាំ២០២២កន្លងទៅនេះ។ យោងតាមការចុះផ្សាយរបស់ឡង់សេត (The Laricet) បានបង្ហាញថា មានមនុស្សប្រមាណជាង ៣៥៦.០០០នាក់ បានស្លាប់ដោយសារកំដៅថ្ងៃក្តៅខ្លាំងពេក នៅក្នុងបណ្តាប្រទេសចំនួន ៩ នៅក្នុងឆ្នាំ២០១៩, ដែលចំនួននេះនឹងកើនឡើងនៅទូទាំងសាកលលោកផងដែរ៕