លោក ថោង រដ្ឋសក្តិ រដ្ឋលេខាធិការក្រសួងទេសចរណ៍ នាថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣ បានដឹកនាំមន្រ្តីជំនាញចូលរួមវេទិកាគោលនយោបាយកម្រិតជាន់ខ្ពស់ ឆ្នាំ២០២៣ (KOPIST High-Level Policy Forum 2023) របស់ស្ថាប័នជាតិទេសចរណ៍កូរ៉េ ដែលរៀបចំដោយក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ នៃសាធារណរដ្ឋកូរ៉េ ចាប់ពីថ្ងៃទី០៥ ដល់ទី៦ ខែមេសា ឆ្នាំ២០២៣ នៅរដ្ឋធានីសេអ៊ូល ហើយនោះទីនោះ ភាគីទាំងពីរ នឹងពិភាក្សាពីជើងហោះហើរត្រង់រវាងប្រទេសទាំងពីរផងដែរ។ នៅរដ្ឋធានីសេអ៊ូល លោក ថោង រដ្ឋសក្តិ បានចូលរួមកិច្ចប្រជុំគណៈប្រតិភូជាន់ខ្ពស់ (HODs) ជាមួយលោក Hwang Young Hyun អ្នកសម្របសម្រួលកម្មវិធី ដើម្បីត្រៀមរៀបចំវេទិកាគោលនយោបាយកម្រិតជាន់ខ្ពស់ ស្តីពីការផ្លាស់ប្តូរនៅក្នុងទីផ្សារទេសចរណ៍ និងពិភាក្សាលើការណែនាំអំពីគោលនយោបាយទេសចរណ៍ ដែលមានអ្នកចូលរួមពីប្រទេសចំនួន១០ នៅសណ្ឋាគារ Grand Hyatt Seoul។ វេទិកាខាងលើនេះបានផ្តោតទៅលើប្រធានបទ “ការផ្លាស់ប្តូរទស្សនឧស្សាហកម្មទេសចរណ៍ និងការឆ្លើយតបគោលនយោបាយប្រកបដោយការទទួលខុសត្រូវខ្ពស់”។ វេទិកានេះដែរមានសុន្ទរកថាគន្លឹះ ការធ្វើបទបង្ហាញ និងធ្វើការពិភាក្សាគ្នា ដើម្បីពិនិត្យមើលគោលនយោបាយទេសចរណ៍សំខាន់ៗ និងដំណោះស្រាយជាយុទ្ធសាស្រ្តនាពេលអនាគត ដែលជាឱកាសក្នុងការរួមចំណែកអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយនិរន្តរភាព និងភាពធន់ បន្ទាប់ពីវិបត្តិនៃជំងឺកូវីដ-១៩។ លោក ថោង រដ្ឋសក្តិ ក៏បានជួបពិភាក្សាជាមួយលោកស្រី Kang Ji Eun ប្រធានផ្នែកទេសចរណ៍អន្តរជាតិ នៃក្រសួងវប្បធម៌ កីឡា និងទេសចរណ៍កូរ៉េ ដើម្បីពិភាក្សាការងារលើផែនការសកម្មភាពឆ្នាំ២០២៤ ស្តីពី Meetings Incentives, Conferences, and Exhibitions (MICE) និងជើងហោះហើរត្រង់ពីកូរ៉េ-កម្ពុជា (សេអ៊ូល-សៀមរាប ក្នុងមួយសប្តាហ៍២ជើង) ដោយកន្លងមកកម្ពុជាមានជើងហោះត្រង់ជាមួយកូរ៉េ-កម្ពុជា (សេអ៊ូល-ភ្នំពេញ ២ជើងក្នុងមួយសប្តាហ៍)។ គួរបញ្ជាក់ថា នៅទីនោះ មន្រ្តីជំនាញនៃក្រសួងទេសចរណ៍ នឹងចូលរួមវគ្គបណ្តុះបណ្តាលចាប់ពីថ្ងៃទី០៧ ដល់២៦ ខែមេសា ឆ្នាំ២០២៣ ដោយកម្មវិធីបណ្តុះបណ្តាលនេះ ផ្តោតសំខាន់លើការពង្រឹងសមត្ថភាព ចំណេះដឹង ការយល់ដឹង និងជំនាញសំខាន់ៗ ដើម្បីគាំទ្រដល់ការរចនាគម្រោងអភិវឌ្ឍន៍ទេសចរណ៍នាពេលអនាគតប្រកបដោយនិរន្តភាព និងភាពធន់៕