នៅខេត្តបន្ទាយមានជ័យ នឹងរៀបចំអបអរសាទរសង្ក្រាន្តឆ្នាំថ្មីចំនួន៣ទីតាំងគឺ ១-នៅប្រាសាទបន្ទាយឆ្មារ ស្រុកថ្មពួក ២- នៅសួនមានជ័យ ក្រុងសិរីសោភ័ណ និង៣- នៅវត្តរតនារាម ហៅវត្តផ្សារកណ្តាល ក្រុងប៉ោយប៉ែត នេះបើតាមលិខិតជូនដំណឹងរបស់រដ្ឋបាលខេត្ត។ សេចក្តីជូនដំណឹងបញ្ជាក់ថា ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ដែលនឹងឈានចូលមកដល់នាពេលដ៏ខ្លីខាងមុខនេះ គណៈកម្មាធិការខេត្តរៀបចំ បុណ្យជាតិ-អន្តរជាតិ បានសម្រេចរៀបចំព្រឹត្តិការណ៍ចំនួន៣ទីតាំងនៅក្នុងខេត្តបន្ទាយមានជ័យ អមដោយកម្មវិធី កម្សាន្តជាច្រើនដូចជា ៖ ការលេងល្បែងប្រជាប្រិយ ការសម្ដែងសិល្បៈ ការប្រគំតន្ត្រី ការបាញ់ទឹករាំកម្សាន្ត ពិធីស្រង់ព្រះ ការរៀបចំដាក់តាំងបង្ហាញផលិតផលផ្សេងៗ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០២៣។ ជាមួយគ្នានោះ រដ្ឋបាលខេត្ត បានអំពាវនាវឲ្យសាធារណជន ប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ-អន្តរជាតិចូលរួមកម្សាន្តសប្បាយរីករាយតាមទីតាំងនីមួយៗឲ្យបានច្រើនកុះករ។ ដោយឡែកទីតាំងដែលគ្រោងរៀបចំសង្ក្រាន្តឆ្នាំថ្មីនោះបានតុបតែងជិតរួចរាល់ហើយផងដែរ ។ នេះបើតាមការលើកឡើងពីអភិបាលខេត្ត។ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យអះអាងថា មកដល់ពេលនេះ ក្រុមយុវជនខេត្តបានរៀបចំតុបតែងដាក់ភ្លើងបំភ្លឺក្នុងប្រាសាទបន្ទាយឆ្មារ ក៏ដូចជាទីតាំងផ្សេងៗទៀត ដើម្បីអបអរសាទឆ្នាំថ្មីប្រពៃណីខ្មែរឆ្នាំ២០២៣ សម្រាប់បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវជាតិ អន្តរជាតិចូលកម្សាន្ត។
ចំណែកលោក ឈឿន សេរីវុធ ប្រធានមន្ទីទេសចរណ៍ខេត្តបានបញ្ជាក់ដែរថា ខេត្តបន្ទាយមានជ័យ មានតំបន់កំសាន្តប្រវត្តិសាស្ត្រច្រើនដូចជា មានប្រាសាទបន្ទាយឆ្មារ ប្រាសាទបន្ទាយទ័ព ប្រាសាទមេបុណ្យ និងរមណីយដ្ឋានអាងជើងគ្រុស ស្រុកថ្មពួក និងអាងត្រពាំងថ្ម ស្រុកភ្នំស្រុក ជាពិសេសនៅសួនមានជ័យក្រុងសិរីសោភ័ណ បានរៀបចំកន្លែងកម្សាន្តរាំសប្បាយ៕