ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម បានដឹកនាំក្បួនដង្ហែព្រះអគ្គិជ័យកីឡា និងភ្លើងគប់កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម បានធ្វើដំណើរទៅដល់ដល់រាជធានីគួឡាឡាំពួ ប្រទេសម៉ាឡេស៊ី។ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម បានឱ្យដឹងថា ព្រះអគ្គិជ័យកីឡា និងភ្លើងគប់កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ត្រូវបានទទួលស្វាគមន៍ពីលោក អ៊ុក ចាន់ដារ៉ា ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសម៉ាឡេស៊ី ព្រមទាំងមន្ត្រីជាន់ខ្ពស់គណៈកម្មាធិការជាតិអូឡាំពិកម៉ាឡេស៊ី។ សូមបញ្ជាក់ថា ព្រះអគ្គីជ័យកីឡា សម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ ត្រូវបានសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា យាងធ្វើធ្វើពិធីព្រះរាជទាន កាលពីព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ នៅខេត្តសៀមរាប។ ព្រះអគ្គីអាទិទេពកីឡា ត្រូវបាននាំចេញពីខេត្តសៀមរាប កាលពីល្ងាចថ្ងៃទី២២ ខែមីនា ឆ្ពោះទៅទីក្រុងហាណូយ ប្រទេសវៀតណាម ហើយនឹងដង្ហែឆ្លងកាត់ប្រទេសជាបន្ដបន្ទាប់ រហូតដល់ប្រទេសឡាវក្រោយគេ មុនត្រឡប់ចូលមកកម្ពុជាវិញ ។ បន្ទាប់ពីព្រះអគ្គីអាទិទេពកីឡា ចូលដល់ទឹកដីកម្ពុជា តំណាង CAMSOC និងរដ្ឋបាលខេត្តស្ទឹងត្រែង នឹងត្រូវទទួលព្រះអគ្គីកីឡា ហើយដង្ហែតាមរថយន្ដឆ្ពោះមកខេត្តស្ទឹងត្រែង ហើយសម្រាកនៅទីនោះមួយយប់ មុនបន្ដដំណើរមកកាន់រាជធានីភ្នំពេញ នៅថ្ងៃទី២៨ ខែមេសា ។ ក្រោយបញ្ចប់ពិធីដង្ហែព្រះអគ្គីកីឡា នៅបណ្ដាប្រទេសតំបន់អាស៊ាន និងទីម័រខាងកើត គឺជាពេលវេលារៀបចំពិធីដង្ហែព្រះអគ្គីកីឡា តាមបណ្ដាខេត្តជាប់បឹងទន្លេសាបវិញម្ដង ដោយចេញដំណើរពីរាជធានីភ្នំពេញ ឆ្ពោះទៅខេត្តកំពង់ឆ្នាំង ពោធិ៍សាច់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប កំពង់ធំ កំពង់ចាម ចាប់ពីថ្ងៃទី២៩ ខែមេសា រហូតដល់ល្ងាចថ្ងៃទី០៥ ខែឧសភា ខ្ទង់វេលាម៉ោង ៨៖៣០នាទីយប់ ពោលគឺចំពេលប្រារព្ធពិធីបើកការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា ជាផ្លូវការតែម្ដង៕