លោក ទិត ថាវរិទ្ធ អនុរដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កាលពីល្ងាចថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៣ ម្សិលមិញ បានអញ្ជើញចូលរួមកម្មវិធីសម្ពោធចាក់បញ្ចាំងភាពយន្តរឿង កំណើតអរូប របស់ផលិតកម្ម វ៉នឌើ ហ្វីម (Wonder Films) នៅរោងភាពយន្ត Major Cineplex សាខា អេអន១។ ថ្លែងក្នុងពិធីនោះ លោក ទិត ថាវរិទ្ធ ក្នុងនាមថ្នាក់ដឹកនាំក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អនុរដ្ឋលេខាធិការបានសំដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ដល់ការខិតខំប្រឹងប្រែងរបស់លោក សែម វិសាល ដែលជាអ្នកនិពន្ធ និងអ្នកដឹកនាំរឿង ព្រមទាំងក្រុមការងារទាំងអស់នៃផលិតកម្ម Wonder Films និងបងប្អូន សិល្បករ សិល្បការិនី អ្នកបច្ចេកទេសភាពយន្តទាំងអស់ ដែលបានចូលរួមកសាងស្នាដៃភាពយន្តរឿង កំណើរអរូប នេះដោយសំរិតសំរាំង ប្រកបដោយគុណភាព ដើម្បីបម្រើអារម្មណ៍ទស្សនិកជនរបស់យើង។ សូមបញ្ជាក់ថា ភាពយន្តរឿង “កំណើតអរូប” នឹងធ្វើការចាក់បញ្ចាំងជាផ្លូវការចាប់ពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៣ តទៅ នៅគ្រប់រោងភាពយន្តក្នុងព្រះរាជាណាចក្រកម្ពុជា។ ភាពយន្តរឿង “កំណើតអរូប” គឺជាខ្សែភាពយន្តខ្នាតធំ បង្ហាញពីផ្នត់គំនិតបែបវិទ្យាសាស្ត្រ និងអបិយជំនឿខ្មែរ។ លោក សែម វិសាល បានឲ្យដឹងថា ក្រុមការងារផលិតកម្មបានចំណាយពេលជាច្រើនខែសម្រាប់ផលិតភាពយន្តមួយនេះឡើង ដោយសម្រិតសម្រាំង ប្លង់ថត រូបភាព វិចិត្រកម្មទីតាំងថត ខ្លឹមសារសាច់រឿង បច្ចេកទេសសំឡេង ដែលមានក្រុមការងារផលិត គឺសុទ្ធតែជាកូនខ្មែរទាំងអស់។ លោកបន្តថា សម្ដែងនៅក្នុងភាពយន្ត “កំណើតអរូប” គឺមានទាំងបរទេស និងតារាសិល្បៈខ្មែរល្បីឈ្មោះ ដែលជាផ្នែកមួយជួយឱ្យភាពយន្តនេះឆ្ពោះទៅកាន់ទីផ្សារឆាកអន្តរជាតិ។លោក សែម វិសាល បានបញ្ជាក់ដែរ ខ្សែភាពយន្ត “កំណើតអរូប” បានឆ្លុះបង្ហាញពីផ្នត់គំនិតបែបវិទ្យសាស្ត្រភ្ជាប់ជាមួយនឹងអបិយជំនឿខ្មែរដ៏ព្រឺព្រួចបែបមន្តអាគមផ្លូវងងឹត និងការធ្វើពិធីបែបសាសនាទាំង ៣ រវាងព្រះពុទ្ធ ព្រហ្មញ្ញ និងគ្រិស្ដ រួមទាំងការតុបតែងខ្លួនបែបប្រពៃណីខ្មែរនូវរបៀបស្លៀកពាក់ក្បិន និងក្រណាត់ប៉ាក់ មន្តអាគមផ្លូវងងឹតដែលយកសាកសពផ្កាប់មុខគ្រប់យ៉ាងជាទម្រង់ខ្មែរ ជាការបញ្ចូលពិសេសដោយមិនចម្លងទម្រង់ណាមួយពីបរទេស។
ភាពយន្តនេះ គឺផ្ដើមចេញពីក្រុមគ្រួសារបរទេសមួយក្រុមបានមករស់នៅក្នុងស្រុកខ្មែរ និងបានជួបរឿងចម្លែកៗនៅក្នុងផ្ទះរបស់ពួកគេ។ រូបភាពមនុស្សធ្មប់ស្លៀកពាក់ខ្មៅដែលតាមយាយីដល់គ្រួសារបរទេសនោះ បានធ្វើឱ្យគ្រួសារទាំងមូលក្រឡាប់ចាក់ រហូតដល់បាត់បង់កូននៅផ្ទៃទៀតផង។ រឿងរ៉ាវអាថ៌កំបាំងកើតឡើងជាហូរហែ ដែលគ្រួសារមួយនេះព្យាយាមតាមស្រាយចំណងដោយមិនបោះបង់ចោលគ្នា បើទោះបីជាមានរឿងអ្វីក៏ដោយ។ ភាពយន្តនេះដែរ បានជ្រើសទីតាំងថតសំខាន់ៗមាននៅក្នុងខេត្តសៀមរាប វត្តបាកាន ខេត្តពោធិសាត់ មានបដិមាបែរព្រះភក្ត្រទៅទិសខាងលិច និងព្រះនាងដោះធំ លើភ្នំគូលែន ដែលនឹងក្លាយជាផ្នែកមួយចូលរួមក្នុងការលើកស្ទួយផ្សព្វផ្សាយវប្បធម៌ខ្មែរ និងវិស័យទេសចរណ៍របស់កម្ពុជាតាមរយៈទិដ្ឋភាពស្អាតដែលបានផ្ដិតយកមកបង្ហាញ។ លោក សែម វិសាល បានបន្តបញ្ជាក់ទៀតថា ក្រោយពីបញ្ចាំងនៅក្នុងរោងកុនទូទាំងប្រទេសហើយ ភាពយន្តនេះក៏ត្រូវបាននាំចេញទៅបញ្ចាំងនៅទីផ្សារអន្តរជាតិផងដែរ ដោយចាប់ពីការបញ្ចាំងតាមប្រទេសជិតខាងជាមុនសិន។ លោករំពឹងថា ភាពយន្តនេះជាភាពយន្តមួយដែលអាចផ្លាស់ប្ដូរទស្សនៈរបស់ទស្សនិកជនឱ្យងាកមកគាំទ្រខ្មែរវិញ ដោយសារទាំងផលិតករ និងអ្នកដឹកនាំរឿងក្នុងស្រុកបាននិងកំពុងព្យាយាមផលិតរឿងប្រកបដោយគុណភាព៕