ភ្នំពេញ៖ ឥទ្ធិពលជ្រលងសម្ពាធទាប ( ចិន ) ក្នុងកម្រិតពីខ្សោយទៅមធ្យម និងខ្យល់ប្រែប្រួល នឹងកើតឡើងចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី១១ ខែមេសា ខាងមុខ ខណៈឥទ្ធិពលនេះ អាចមានភ្លៀងធ្លាក់ដោយអន្លើក្នុងកម្រិតពីខ្សោយទៅមធ្យម លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងនៅព្រឹកថ្ងៃទី៤ ខែមេសាថា ស្ថានភាពបែបនេះនឹងធ្វើឲ្យតំបន់ទំនាបកណ្ដាល មានសីតុណ្ហភាពអប្បបរមា ពី ២៣-២៥ អង្សាសេ និងសីតុណ្ហភាពអតិបរមា មានពី ៣៤-៣៧ អង្សាសេ ហើយអាចមានភ្លៀងធ្លាក់ដោយអន្លើក្នុងកម្រិតពីខ្សោយទៅមធ្យម លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។ ក្រសួងឱ្យដឹងបន្តថា នៅតំបន់ខ្ពង់រាប សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ អង្សាសេ និងសីតុណ្ហភាពអតិបរមា មានពី ៣៤- ៣៧ អង្សាសេ ហើយអាចមានភ្លៀងធ្លាក់ដោយអន្លើក្នុងកម្រិតពីខ្សោយទៅតិច លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។ ជាមួយគ្នានេះ នៅតំបន់មាត់សមុទ្រ សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ អង្សាសេ និងសីតុណ្ហភាពអតិបរមា មានពី ៣២-៣៤ អង្សាសេ ហើយអាចមានភ្លៀងធ្លាក់ដោយអន្លើក្នុងកម្រិតខ្សោយទៅមធ្យម លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។ ក្រសួងធនធានទឹក និងឧតុនិយម បានអំពាវនាវដល់សាធារណជនឱ្យមានការប្រុងប្រយ័ត្នចំពោះការប្រែប្រួលធាតុអាកាស ដែលអាចកើតកើតឡើងជាយថាហេតុ ផងដែរ៕