នៅព្រឹកថ្ងៃចន្ទ ទី០៣ ខែមេសា ឆ្នាំ២០២៣ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈរាជធានីភ្នំពេញ បានរៀបចំពិធីក្រុងពាលីបួងសួងសុំបើកការដ្ឋាន “សង្រា្កន្តវត្តភ្នំ” ជាផ្លូវការ នៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្រ្តវត្តភ្នំ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ ដល់១៦ ខែមេសា ឆ្នាំ២០២៣។ ប្រធានមនី្ទរវប្បធម៌ និងវិចិត្រសិល្បៈ រាជធានីភ្នំពេញ លោក ជុំ វុឌី្ឍ បានថ្លែងប្រាប់អ្នកសារព័ត៌មានថា ការរៀបចំក្រុងពាលី បើកការដ្ឋានជាផ្លូវការនាព្រឹកនេះ មានគោលបំណងរៀបចំប្រារព្ធកម្មវិធីសង្រ្កាន្ត ជាប្រពៃណីទំនៀមទម្លាប់របស់ខ្មែរយើង តាំងពីយូរយារណាស់មកហើយសម្រាប់ដែនដីរាជធានីភ្នំពេញ គឺរដ្ឋបាលរាជធានីភ្នំពេញ បានជ្រើសរើសយករមណីយដ្ឋានវប្បធម៌ ប្រវតិ្តសាស្រ្តវត្តភ្នំ ធ្វើជាសង្ក្រាន្ត ដែលហៅថា “សង្រ្កាន្តវត្តភ្នំ”។ លោកប្រធានមនី្ទរបានបន្តថា ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិឆ្នាំនេះ បានរៀបចំការកម្សាន្តលេងល្បែងប្រជាប្រិយនានា ក្នុងបរិវេណសង្រ្កានវត្តភ្នំ “ហៅថាភូមិខ្មែរ” មានដូចជាការរៀបចំដាក់តាំងស្នាដៃពេញមួយឆ្នាំ របស់ការិយាល័យជំនាញទាំង៧ របស់មនី្ទរវប្បធម៌ រាជធានីភ្នំពេញ តន្រ្តីសម័យ លេងល្បែងប្រជាប្រិយខ្មែរ ការសម្តែងរបាំត្រុដិ ស្តង់ដាក់តាំងបង្ហាញភូមិ១ ផលិតផល១ និងផលិតផលវប្បធម៌ផ្សេងៗ។ នៅថ្ងៃទី៣ ក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ នាពេលរសៀល មានកម្មវិធីដង្ហែព្រះ ប្រទាក់សិន បីជុំ នៅបរិវេណវត្តភ្នំ ដើម្បីស្រង់ព្រះនាថ្ងៃបង្ហើយបុណ្យចូលឆ្នាំផងដែរ៕