ត្បូងឃ្មុំ៖ សម្ដេចនាយករដ្ឋមន្ដ្រីកម្ពុជា បានបន្តដាស់តឿនដល់ក្រុមគ្រូពេទ្យ ត្រូវមានក្រមសីលធម៌ខ្ពស់សម្រាប់អ្នកជំងឺ និងចំណេះជំនាញច្បាស់លាស់ ខណៈតាមបណ្ដាមន្ទីរពេទ្យធំៗមានសម្ភារបរិក្ខារកាន់តែទំនើប។
មានប្រសាសន៍ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ មន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា មន្ទីរពេទ្យធំៗមានសម្ភារបរិក្ខារទំនើប ប៉ុន្ដែអ្វីដែលសំខាន់ គឺនិរន្តរភាពរបស់មន្ទីរពេទ្យ ដែលទាមទាឱ្យគ្រូពេទ្យបន្តពង្រឹងការយកចិត្តទុកដាក់ និងពង្រឹងសមត្ថភាព ដើម្បីសម្រួលដល់ការព្យាបាលអ្នកជំងឺ។ នៅក្នុងពិធីនេះ សម្តេចនាយករដ្ឋមន្ដ្រីកម្ពុជា បានអបអរសាទរចំពោះសមិទ្ធផលថ្មីនៃមន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ ដែលនឹងអាចជួយដោះស្រាយទុក្ខលំបាកដល់ប្រជាពលរដ្ឋក្នុងខេត្តត្បូងឃ្មុំ និងខេត្តកំពង់ចាម ខណៈមន្ទីរពេទ្យបង្អែកនេះ គឺជាមន្ទីរពេទ្យដ៏ធំនៅក្នុងតំបន់ ដែលអាចដាក់គ្រែអ្នកជំងឺបានជាង៤០០គ្រែ។ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍លើកឡើងថា មន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ មានសមត្ថភាពផលិតអុកស៊ីហ្សែន បានដោយខ្លួនឯង និងផលិតបានក្នុងចំនួនច្រើនថែមទៀត ដើម្បីផ្តល់ជូនដល់អ្នកជំងឺ និងបែងចែកទៅកាន់មណ្ឌលសុខភាព ឬមន្ទីរពេទ្យនានាថែមទៀតផងដែរ៕