ភំ្នពេញ ៖ ជនសង្ស័យចំនួន២នាក់ ត្រូវបានសមត្ថកិច្ចមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ស្រាវជ្រាវនិងឈានដល់ការឃាត់ខ្លួន ព្រមទាំងដកហូតវត្ថុតាងគ្រឿងញៀន ទម្ងន់ជាង៤០គីឡូក្រាម ស្ថិតក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ។
របាយការណ៍របស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានឱ្យដឹងថា ប្រតិបត្តិការបានធ្វើឡើងតាំងពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង ១៨:៣០នាទី ដោយកម្លាំងជំនាញមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន (ក៤) សហការជាមួយកម្លាំងជំនាញ នៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ បានដំណើរការស្រាវជ្រាវ បង្ក្រាបករណីជួញដូរគ្រឿងញៀន នៅចំណុចចំណតរថយន្ត ផ្សារទំនើប អ៊ីអនមល.៣ ស្ថិតនៅភូមិព្រែកតាឡុង៣ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ របាយការណ៍ដដែលបានឱ្យដឹងបន្តថា នៅក្នុងប្រតិបត្តិការនេះ កម្លាំងជំនាញ បានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ មសនឈ្មោះ ប៉ាវ វាំង ភេទប្រុស ឆ្នាំកំណើត ១៩៨៧ ជនជាតិឡាវ និងឈ្មោះ សុខ តាំង ភេទប្រុស ឆ្នាំកំណើត ១៩៨៧ ជនជាតិខ្មែរ (វៀតណាម)។ របាយការណ៍របស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានគួសបញ្ជាក់ឱ្យដឹងថា សមត្ថកិច្ចបានចាប់យកវត្ថុតាងរួមមាន ៖ សារធាតុញៀន ប្រភេទមេតំហ្វេតាមីន (ICE) ទម្ងន់ ៤០គីឡូ និង៥៣០.៤០ក្រាម, រថយន្ត ១គ្រឿងពណ៌ ស ម៉ាក High Lander ។ បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាង បានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភំ្នពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី៕