ក្រុមអ្នកបច្ចេកទេសអាជ្ញាធរជាតិអប្សរាកំពុងធ្វើការសិក្សាសម្រង់ប្លង់រានហាលទី២ផ្នែកជ្រុងខាងជើងឆៀងខាងលិចរបស់ប្រាសាទបន្ទាយសំរ៉ែ ដែលរងការខូចខាតខ្លាំង ដែលគម្រោងនេះស្ថិតក្នុងកិច្ចសហការរវាងអាជ្ញាធរជាតិអប្សរាជាមួយស្ថាប័ន GIZ នៃប្រទេសអាល្លឺម៉ង។ ការងារសំខាន់ៗក្នុងគម្រោងនេះមានដូចជា ការប្រមូលថ្មដែលធ្លាក់បាក់បែកពិសេសក្បាច់ចម្លាក់ និងបង្កាន់ដៃនាគដើម្បីធ្វើការជួសជុលពង្រឹងឡើងវិញពង្រឹងទាំងរចនាសម្ព័ន្ធពាក់ពន្ធ័របស់សំណង់ និងរៀបផ្គុំឡើងវិញតាមទីតាំងដើម។ សូមបញ្ជាក់ថា ប្រាសាទបន្ទាយសំរ៉ែត្រូវបានកសាងឡើងនាពាក់កណ្តាលសតវត្សរ៍ទី១២ក្នុងរជ្ជកាលព្រះបាទសូរ្យវ័រ្មនទី២ដើម្បីឧទ្ទិសថ្វាយព្រះនរាយណ៍។
ប្រាសាទបន្ទាយសំរែជារមណីយដ្ឋានទេសចរណ៍បែបវប្បធម៌ប្រវត្តិសាស្រ្ត។ រមណីយដ្ឋាននេះមានទីតាំងស្ថិតនៅក្នុងភូមិអូរបណ្តោយ ឃុំព្រះដាក ស្រុកបន្ទាយស្រី ដែលមានចំងាយប្រមាណ១៩គីឡូម៉ែត្រពីទីរួមខេត្តសៀមរាបនៅទីនេះមានសក្តានុពលទេសចរណ៍សំខាន់ៗដូចជាប្រវត្តិនៃការសាងសង់ ទីតាំង និងរចនាបទល្អឯក។ នៅទីនេះ ភ្ញៀវទេសចរអាចទៅសិក្សាអំពីប្រវត្តិសាស្រ្ត លំហែកម្សាន្ត មើលប្រាសាទ មើលចម្លាក់ និងថតរូបទុកជាអនុស្សាវរីយ៍ ជាដើម។ ប្រាសាទបន្ទាយសំរែជាសំណង់ដែលមានតួប៉មទោលសង់ភ្ជាប់ដោយមណ្ឌបលយចេញទៅទិសខាងកើត និងអមដោយ "ហោត្រៃ" ចំនួនពីរនៅជ្រុងអាគ្នេយ៍ និងឦសាន។ ចំពោះរួតខាងក្រៅដ្បិតនៅសល់តែជញ្ជាំងនិងសសរខ្លះៗប៉ុន្តែអ្នកស្រាវជ្រាវនៅអាចកំណត់បានថា ដើមឡើយដំបូលនៃរួតខាងក្រៅនេះមានប្រក់ក្បឿងព្រោះគេបានប្រទះឃើញបំណែកក្បឿងជាច្រើន។
គួរកត់សម្គាល់ដែរថា តាមរយៈការជួសជុលគ្រឿងបង្គុំដំបូលនៃរួតខាងក្នុងនាងច្រាល (បង្គោលស្រួចៗដែលលម្អលើព្រំដំបូល) ត្រូវបានរៀបចំលម្អនៅតាមទីតាំងដើមឡើងវិញដែលមើលទៅហាក់ដូចជាសំណង់ដែលទើបសាងសង់។ ស្លាកស្នាមនៅតាមគ្រោងបង្អួចនិងជញ្ជាំងជាច្រើនកន្លែង ដែលស្ថិតនៅរួតខាងក្នុងនិងខាងក្រៅ គេអាចយល់ថា ប្រាសាទនេះទំនងជាសង់មិនទាន់ចប់សព្វគ្រប់។ ថ្វីដ្បិតពុំមានសិលាចារឹកបញ្ជាក់យ៉ាងច្បាស់លាស់ក្ដី ប៉ុន្តែយោងតាមរចនាបថនៃស្ថាបត្យកម្ម និងសិល្បៈដែលមានភាពលាំគ្នាយ៉ាងខ្លាំងជាមួយប្រាសាទអង្គរវត្ត អ្នកស្រាវជ្រាវជាច្រើនបានសន្និដ្ឋានថា ប្រាសាទបន្ទាយសំរែជាអតីតអារាមហិណ្ឌូសាសនា ដែលបានកសាងនៅពាក់កណ្ដាលសតវត្សរ៍ទី១២។
ចម្លាក់លម្អនៅតាមផ្ដែរ និងហោជាងនៅមានលក្ខណៈល្អៗហើយភាគច្រើនជាប្រភេទចម្លាក់លៀន និងកន្លែងខ្លះក៏មានលក្ខណៈលោតដោយ អន្លើ។ ជាទូទៅចម្លាក់នៅប្រាសាទបន្ទាយសំរែនេះមានបង្ហាញលាយឡំគ្នារវាងទេពសំខាន់ៗនៅក្នុងព្រហ្មញ្ញសាសនា ដែលក្នុងនោះការបង្ហាញអំពីអទិទេពអង្គព្រះនរាយណ៍ក៏ដូចជាអង្គព្រះឥសូរមានឆ្លាក់នៅតាមហោជាងសំខាន់ៗជាច្រើន។ តាមការស្រាវជ្រាវខ្លះក៏មានបញ្ជាក់អំពីចម្លាក់លម្អដែលទំនងជាទាក់ទងនឹងពុទ្ធសាសនាខ្លះៗផងដែរ។ បើសង្កេតនៅតាមខឿនខាងក្នុងនៃតួប៉មកណ្ដាលឃើញថាមានការឆ្លាក់តុបតែងនូវក្បាច់ផ្កាភ្ញីព្រមទាំងសកម្មភាពនៃតួអង្គមនុស្សសត្វជាច្រើនយ៉ាងលម្អិត។ ពេលធ្វើកំណាយស្រាវជ្រាវក្នុងអំឡុងពេលជួសជុលនាទសវត្សរ៍១៩៣០ក្រុមការងារបានប្រទះឃើញ "ប្រអប់ថ្ម" មួយរាងបួនជ្រុងទ្រវែងដែលអ្នកស្រាវជ្រាវខ្លះចាត់ទុកថាជា"មឈូសថ្ម"។ ដោយយោងលើភិនភាគប្រអប់ថ្ម ដែលគម្របមានប្រហោងពីលើនិងមានរន្ធមួយនៅផ្នែកខាងបាតក៏បានធ្វើឲ្យមតិខ្លះលើកឡើងថាមិនជា “មឈូស” ដូចការពោលខាងលើនោះឡើយ។ ប្រអប់ថ្មនេះត្រូវបានយកមកតម្កល់ក្នុងមណ្ឌបផ្នែកខាងមុខនៃតួប៉មកណ្ដាលរហូតបច្ចុប្បន្ន៕