ព្រៃវែង៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានរំឭកដល់អាជ្ញាធរ និងប្រជាពលរដ្ឋឱ្យចូលរួមប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្សគ្រប់ទម្រង់ និងទប់ស្កាត់ឱ្យបានទាន់ពេលវេលា។ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍បែបនេះនៅក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមានៅវត្តពោធិ៍អណ្តែត ស្ថិតនៅឃុំព្រៃស្នៀត ស្រុកពារាំង ខេត្តព្រៃវែង កាលពីថ្ងៃទី៣០ ខែមីនា។
នៅក្នុងពិធីនេះសម្តេចក្រឡាហោម ស ខេង ក៏បានជំរុញឱ្យបន្តខិតខំពង្រឹងកម្លាំងប្រជាការពារឲ្យមានចំនួនសមស្របតាមភូមិសាស្ត្រ និងប្រជាសាស្ត្រនៃមូលដ្ឋាននីមួយៗ ដោយត្រូវបំផុសលើកទឹកចិត្តប្រជាពលរដ្ឋឲ្យចូលរួមក្នុងចលនាប្រជាការពារ និងបំផុសចលនាឲ្យមានការចូលរួមជួយឧបត្ថម្ភគាំទ្រផងដែរ។ ជាមួយគ្នានេះរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានជំរុញឱ្យអាជ្ញាធរមូលដ្ឋានយកចិត្តទុកដាក់ដល់ការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ឱ្យមានប្រសិទ្ធភាពខ្ពស់ និងលើកកម្ពស់ការចូលរួមរបស់ប្រជាពលរដ្ឋក្នុងការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនានានៅមូលដ្ឋានពិសេសសកម្មភាពជួញដូរចែកចាយប្រើប្រាស់គ្រឿងញៀនខុសច្បាប់ជាដើម៕