ស្ទឹងត្រែង៖ កម្លាំងជំនាញមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានឃាត់ខ្លួន ជនជាតិឡាវ ចំនួន២នាក់ និងដកហូតសារធាតុញៀន ទម្ងន់ជាង២គីឡូក្រាម ក្រោយពេលជនសង្ស័យបានឆ្លងដែនខុសច្បាប់ ពីប្រទេសឡាវ ចូលមកកម្ពុជា ត្រង់ចំណុច ស្ពានទី២ ភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។
របាយការណ៍ពីមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានឱ្យដឹងថា ប្រតិបត្តិការនេះ មានការសម្របសម្រួលពីលោក ជេត ខេមរា ព្រះរាជអាជ្ញា នៃអយ្យការអមសសាលាដំបូងខេត្តស្ទឹងត្រែង និងធ្វើការបង្រ្កាបនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង០៧និង០៥នាទី ត្រង់ចំណុច ស្ពានទី២ ភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ។
មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានឱ្យដឹងបន្តថា សមត្ថកិច្ចបានចាប់ខ្លួនជនល្មើស២នាក់៖ ១. ឈ្មោះ ណុក សុវណ្ណសាន ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិឡាវ និងទី២. ឈ្មោះ សៃសុងខាម កែវគង់មឿង ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិឡាវ។
ជាមួយគ្នានេះ សមត្ថកិច្ចចាប់យកវត្ថុតាង គ្រឿងញៀន ប្រភេទ មេតំហ្វេតាមីន (ICE) ១២៧៤៥,២០ក្រាម (១២គីឡូ ៧៤៥,២០ក្រាម)។ បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងចាត់ការតាមនីតិវិធី៕