គិតត្រឹមថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣នេះ គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ សម្រេចបាន៩០ ភាគរយហើយ នេះបើយោងតាមរបាយរបស់គណៈកម្មការសាងសង់។ លោក តឹករ៉េត សំរេច រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានគណៈកម្មមការតម្រង់ទិសសម្រាប់ការសាងសង់ អាកាសយានដ្ឋានអន្តរជាតិ សៀមរាបអង្គរថ្មី ក្នុងឱកាសដឹកនាំកិច្ចប្រជុំគណៈកម្មការតម្រង់ទិសប្រចាំត្រីមាសទី១ ឆ្នាំ ២០២៣ និងការចុះពិនិត្យការដ្ឋានសាងសង់ នៅទីតាំងគម្រោងកាលពីម្សិលមិញ បានឲ្យដឹងថា គិតត្រឹមដំណាច់ខែមីនានេះ គម្រោងអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មី សម្រេចបាន៩០ ភាគរយហើយ តាមផែនការដែលបានគ្រោងទុក ។ លោកបនថា តាមការគ្រោងទុក្ខអាកាសយានដ្ឋានអន្តរជាតិ សៀមរាបអង្គរថ្មីនេះនឹងត្រៀមដាក់ឱ្យធ្វើតេស្តសាកល្បង នៅខែឧសភា ខាងមុខ សំដៅសម្រេចឱ្យបានការដាក់ដំណើរការជាផ្លូវការនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ ខាងមុខ។គួរបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ បានចាប់ផ្តើមសាងសង់កាលពីខែមីនា ឆ្នាំ២០២០ ដោយក្រុមហ៊ុន Angkor International Airport Investment (Cambodia) Co.,Ltd (AIAI) ក្រោមទុនវិនិយោគប្រមាណជិត១ពាន់លានដុល្លារអាមេរិក៕