BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ក្រសួងទេសចរណ៍ ដាក់ចេញគោលនយោបាយចំនួន៦ចំណុច ដើម្បីអនុវត្តយុទ្ធនាការ "ឆ្នាំទស្សនាកម្ពុជា ២០២៣"

ថ្ងៃអង្គារ, 28 ខែមីនា 2023 17:32  មានជ័យ

 d-17

ក្រសួងទេសចរណ៍ នាថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣នេះ បានប្រកាសផ្សព្វផ្សាយវិធានការគោលនយោបាយអនុវត្តយុទ្ធនាការឆ្នាំទស្សនាកម្ពុជា ២០២៣ (Visit Cambodia Year 2023) និងសារាចររាជរដ្ឋាភិបាល ស្តីពីការរៀបចំយុទ្ធនាការឆ្នាំទស្សនាកម្ពុជា ២០២៣នេះ ព្រមទាំងបានលើកអនុសាសន៍មួយចំនួន ដល់គ្រប់ភាគីពាក់ព័ន្ធផងដែរ។ ការប្រកាសនេះ ធ្វើឡើងក្រោមអធិបតីភាពលោក ទិត ចន្ថា រដ្ឋលេខាធិការប្រចាំការក្រសួងទេសចរណ៍។ 

បើតាមលោក ទិត ចន្ថា តាមផែនទីចង្អុលផ្លូវ និងដោយអនុវត្តតាមអនុសាសន៍ណែនាំរបស់សម្ដេចតេជោនាយករដ្ឋមន្រ្តី យុទ្ធនាការឆ្នាំទស្សនាកម្ពុជា ២០២៣ ត្រូវបានរៀបចំឡើងក្នុងគោលបំណងសំខាន់២ រួមមាន៖ លើកកម្ពស់កិត្តិនាមទេសចរណ៍ "កម្ពុជា៖ ព្រះរាជាណាចក្រអច្ឆរិយៈ ផ្តល់ភាពកក់ក្តៅ" នៅលើទីផ្សារទេសចរណ៍ឱ្យកាន់តែខ្លាំងក្លា និងផ្សារភ្ជាប់រវាងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ និងយុទ្ធនាការ “ឆ្នាំទស្សនាកម្ពុជា ២០២៣” ដើម្បីបង្កើនឧត្ដមភាពប្រកួតប្រជែងទេសចរណ៍កម្ពុជាក្រោយវិបត្តិជំងឺកូវីដ-១៩។ លោករដ្ឋលេខាធិការប្រចាំការបានបន្តថា ដើម្បីសម្រេចបាននូវគោលបំណងនេះ វិធានការគោលនយោបាយអនុវត្តយុទ្ធនាការឆ្នាំទស្សនាកម្ពុជា ២០២៣ ត្រូវបានរៀបចំដោយផ្អែកលើអភិក្រម នៃការជំរុញព្រឹត្តិការណ៍ ដែលក្នុងនោះមានព្រឹត្តិការណ៍អន្តរជាតិ និងជាតិចំនួន២២ ព្រឹត្តិការណ៍ និងព្រឹត្តិការណ៍កម្រិតមូលដ្ឋាននៅទូទាំង២៥ រាជធានី-ខេត្ត និងអភិក្រមនៃការផ្សព្វផ្សាយ និងទំនាក់ទំនងសាធារណៈ តាមរយៈការដាក់ចេញនូវយុទ្ធនាការឆ្នាំទស្សនាកម្ពុជា ២០២៣ ក្រោមពាក្យស្លោក “គ្រប់ថ្ងៃគឺជាអច្ឆរិយភាព” (Every day is a Wonder) ដែលមានលម្អិតក្នុងវិធានការទាំង១៩។  លោកថា ការកំណត់ទីតាំងទីផ្សារទេសចរណ៍កម្ពុជា (Positioning) នៅលើទីផ្សារក្នុងតំបន់ និងសកលោកក្រោយវិបត្តិជំងឺកូវីដ-១៩ គឺពិតជាមានសារៈសំខាន់ជាយុទ្ធសាស្ត្រ ដើម្បីឈានទៅដាក់ចេញនូវយុទ្ធនាការផ្សព្វផ្សាយដ៏មានប្រសិទ្ធភាព ជាមួយការបង្កើត Branding និងសារខ្លីៗដែលមានភាពទាក់ទាញ និងងាយចងចាំសម្រាប់ភ្ញៀវទេសចរ។ ក្នុងឱកាសនោះ លោក ទិត ចន្ថា បានលើកឡើងនូវអនុសាសន៏ចំនួន៦ ដើម្បីជំរុញការអនុវត្តវិធានការគោលនយោបាយអនុវត្តយុទ្ធនាការ "ឆ្នាំទស្សនាកម្ពុជា ២០២៣" ឱ្យសម្រេចបានជោគជ័យ រួមមាន៖

ទី១. ស្នើឱ្យគ្រប់ក្រសួង-ស្ថាប័នរដ្ឋ រដ្ឋបាលរាជធានី-ខេត្ត ផ្នែកឯកជន និងប្រជាពលរដ្ឋគ្រប់រូបចូលរួមអនុវត្តតាមស្មារតីនៃវិធានការគោលនយោបាយអនុវត្តយុទ្ធនាការ «ឆ្នាំទស្សនាកម្ពុជា ២០២៣» និងសារាចររាជរដ្ឋាភិបាលស្តីពីការរៀបចំយុទ្ធនាការឆ្នាំទស្សនាកម្ពុជា ២០២៣ ដើម្បីជំរុញយុទ្ធនាការដ៏មានសារៈសំខាន់នេះឱ្យទទួលបានជោគជ័យ ចូលរួមគាំទ្រដល់ការងើបឡើងវិញនៃកំណើនទេសចរណ៍កម្ពុជាពីវិបត្តិជំងឺកូវីដ-១៩។

ទី២. ស្នើដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ទាំងក្រសួង ស្ថាប័នរដ្ឋ និងប្រតិបត្តិករក្នុងវិស័យឯកជនចូលរួមប្រើប្រាស់ និងផ្សព្វផ្សាយនិមិត្តសញ្ញា (Logo) របស់យុទ្ធនាការឆ្នាំទស្សនាកម្ពុជា ២០២៣ ឱ្យបានទូលំទូលាយនៅគ្រប់ស្ថាប័ន មូលដ្ឋានអាជីវកម្មទេសចរណ៍ គោលដៅទេសចរណ៍ រមណីយដ្ឋានទេសចរណ៍ និងសម្បទាគាំទ្រនានា ជាអាទិ៍ នៅលើយន្តហោះនៃក្រុមហ៊ុនអាកាសចរណ៍ជាតិ និងអន្តរជាតិហោះចូលកម្ពុជា, អាកាសយានដ្ឋានអន្តរជាតិ និងច្រកទ្វារអន្តរជាតិនានាជាដើម។

ទី៣. ស្នើដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ចូលរួមផ្សព្វផ្សាយ «កម្ពុជា ជាគោលដៅទេសចរណ៍ម្ហូបអាហារ» ដែលជាផ្នែកដ៏សំខាន់មួយនៃការចូលរួមដល់ការជំរុញពិពិធកម្មនៃវិស័យទេសចរណ៍កម្ពុជា ជាពិសេសចូលរួមផ្សព្វផ្សាយយុទ្ធនាការឆ្នាំទស្សនាកម្ពុជា ២០២៣ ដែលមានសារមួយ គឺ “គ្រប់រសជាតិគឺជាអច្ឆរិយភាព” (Every flavour is a Wonder) សម្រាប់ផ្សព្វផ្សាយពីម្ហូបអាហារនៅតាមតំបន់ និងគោលដៅនានានៅកម្ពុជា ដែលសុទ្ធតែមានរសជាតិ និងភាពពិសេសរៀងៗខ្លួន។

ទី៤. ស្នើឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ចូលរួមបង្កើត និងបង្កើនការរៀបចំ និងផ្សព្វផ្សាយ "ផ្លូវទស្សនាចរណ៍កម្ពុជា" សម្រាប់ឆ្នាំ២០២៣ ដោយផ្តោតលើសក្តានុពលទេសចរណ៍ដ៏លេចធ្លោរបស់កម្ពុជា ដើម្បីបង្កើតជាខ្សែទស្សនកិច្ចថ្មីៗ និងទាក់ទាញប្រកបដោយភាពប្រកួតប្រជែងខ្ពស់។

ទី៥. ដើម្បីអនុវត្តវិធានការទី៩ នៃវិធានការគោលនយោបាយស្តីពីការបំផុសចលនាពីវិស័យសាធារណៈ និងឯកជនលើយុទ្ធនាការ "ថ្លៃ" និងស្របតាមអនុសាសន៍ណែនាំរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី កាលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ ដែលមានខ្លឹមសារណែនាំ "សូមឱ្យក្រសួងទេសចរណ៍ ក្រសួងពាណិជ្ជកម្ម ចូលរួមជាមួយគ្នាដើម្បីដាក់ជាតម្លៃ កុំឱ្យពិបាកសួរ ...", លោកបានស្នើដល់រដ្ឋបាលរាជធានី-ខេត្ត និងគ្រប់អាជីវកម្មទេសចរណ៍ទាំងអស់ ពិសេសសេវាកម្មម្ហូបអាហារ ត្រូវចូលរួមអនុវត្តតាមសារាចរណែនាំ ចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ ស្តីពីការរៀបចំដាក់តាំងបង្ហាញបញ្ជីរាយនាមសេវាកម្មរបស់អាជីវកម្មសេវាកម្មទេសចរណ៍ ដោយមានភ្ជាប់ជាមួយតម្លៃ។

ទី៦. ស្នើដល់ប្រជាពលរដ្ឋចូលរួមត្រៀម ខ្លួនឱ្យបានរួចរាល់ក្នុងនាមជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍កីឡាដ៏ធំ ដោយត្រូវចូលរួមផ្តល់បដិសណ្ឋារកិច្ចល្អ ប្រកប ដោយភាពកក់ក្តៅ ដើម្បីទទួលស្វាគមន៍ភ្ញៀវទេសចរមកពីគ្រប់ទិសទី៕  

photo_4_2023-03-28_17-16-48
photo_3_2023-03-28_17-16-48
photo_1_2023-03-28_17-16-48
 


ថ្ងៃអង្គារ, 28 ខែមីនា 2023 17:32  មានជ័យ