របាយការពីក្រសួងទេសចរណ៏បានឲ្យដឹងថា នៅសប្ដាហ៍ទី៤ ចាប់ពីថ្ងៃទី២០-២៦ ខែមីនា ឆ្នាំ២០២៣ កម្ពុជាទទួលបានភ្ញៀវផ្ទៃក្នុងសរុបចំនួន៣០៤,៩៦៤នាក់ ក្នុងនោះភ្ញៀវជាតិមានចំនួន២៥៦,០៩៤នាក់ និងភ្ញៀវបរទេសផ្ទៃក្នុងមានចំនួន៤៨,៨៧០នាក់។ បើតាមក្រសួងទេសចរណ៏ សប្តាហ៍កន្លងមក ភ្ញៀវទេសចរជាតិ-អន្តរជាតិ ដែលបានទៅទស្សនាថ្ងៃរះនៅប្រាសាទអង្គរវត្ត នាថ្ងៃទី២១ ខែមីនា ជាថ្ងៃដែលព្រះមហាក្សត្រទ្រង់ប្រោសព្រះរាជទានព្រះអគ្គិជ័យកីឡា ហើយក៏ចំថ្ងៃដែលព្រះអាទិត្យរះចំកំពូលប្រាសាទអង្គរវត្ត (សមរាត្រី Equinox) ផងនោះ មានចំនួន៨,៧២៦នាក់ ក្នុងនោះភ្ញៀវទេសចរបរទេសមានចំនួន២,២២៦នាក់។ ចំណែកសណ្ឋាគារ ផ្ទះសំណាក់ និងសេវាស្នាក់នៅទេសចរណ៍នៅតាមគោលដោទេសចរណ៍សំខាន់ៗ ដូចជា ខេត្តសៀមរាប តំបន់ឆ្នេរ ពិសេសខេត្តព្រះសីហនុ និងខេត្តមណ្ឌលគិរីជាដើម បានទទួលការកក់ជាបណ្តើរៗសម្រាប់ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខាងមុខ ខណៈដែលក្រុមហ៊ុនទេសចរណ៍ និងការីទេសចរណ៍នានា ក៏បានលក់កញ្ចប់ទស្សនកិច្ចសម្រាប់ភ្ញៀវទេសចរនាឱកាសពិធីបុណ្យចូលឆ្នាំនេះ ពិសេសកញ្ចប់ទស្សនកិច្ចសម្រាប់អង្គរសង្រ្កាន្តនៅខេត្តសៀមរាប។
មន្ទីរទេសចរណ៍រាជធានី-ខេត្ត បាននិងកំពុងខិតខំផ្សព្វផ្សាយសារាចរណែនាំដែលដាក់ចេញដោយក្រសួងទេសចរណ៍កាលពីថ្ងៃ២១ ខែមីនា ឆ្នាំ២០២៣ ស្តីពីការរៀបចំគ្រប់គ្រងចរន្តភ្ញៀវទេសចរ និងការពង្រឹងគុណភាពផលិតផល និងសេវាកម្មទេសចរណ៍ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ ពិសេសការបញ្ជាក់បង្ហាញតម្លៃសេវា និងការប្រើប្រាសអក្សរជាតិលើតារាងតម្លៃជាដើម។គួររំលឹកថា គោលដៅទេសចរណ៍សំខាន់ៗ ដែលភ្ញៀវទេសចរណ៏ធ្វើដំណើរកម្សាន្តរួមមាន៖ ខេត្តព្រះសីហនុ, រាជធានីភ្នំពេញ, ខេត្តសៀមរាប, ខេត្តបាត់ដំបង, ខេត្តកំពត, ខេត្តស្វាយរៀង, ខេត្តកំពង់ចាម និងខេត្តពោធិ៍សាត់៕