កំពង់ស្ពឺ៖ អតីតទីតាំងផលិតអាល់កុល និងកែច្នៃសារធាតុញៀន ដែលស្ថិតនៅភូមិដំបងវិញ ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺត្រូវបានអគ្គិភ័យឆាបឆេះនៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣នេះ។ សមត្ថកិច្ច បានឱ្យដឹងថា ទីតាំងដែលឆាបឆេះនេះជាអតីតជាទីតាំងរោងចក្រផលិតអាកុល ហើយត្រូវបានជនសង្ស័យយកធ្វើជាកន្លែងកែច្នៃគ្រឿងផ្សំសារធាតុគីមីប៉ុន្តែក្រោយមកត្រូវបានសមត្ថកិច្ចបង្ក្រាបដោយចាប់ខ្លួនជនសង្ស័យជាជនជាតិចិនជាច្រើននាក់និងរឹបអូសសារធាតុផ្សំជាច្រើនតោន។
នៅក្នុងករណីនេះសមត្ថកិច្ចបានកំណត់មុខសញ្ញា និងឈានដល់ការឃាត់ខ្លួនយុវជនម្នាក់អាយុ២៤ឆ្នាំស្នាក់នៅភូមិដំបងវេញ ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ យកទៅសួរនាំ។ យុវជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានដុតទីតាំងរោងចក្រនោះមែនដោយសារតែខ្លួនមានវិត្តិជាមួយប្រពន្ធ។ បច្ចុប្បន្នជនសង្ស័យកំពុងស្ថិតក្រោមការសួរនាំរបស់សមត្ថកិច្ចដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ។ សូមបញ្ជាក់ថា ទីតាំងនេះត្រូវបានតុលាការរឹបអូសជាសម្បត្ដិរដ្ឋតាមរយៈសាលដីកាស្ថាពររបស់តុលាការកំពូលផងដែរ៕