ភ្នំពេញ៖ បញ្ហាខ្វះទឹកប្រើប្រាស់របស់ពលរដ្ឋរស់នៅតាមជាយក្រុងភ្នំពេញ នារដូវប្រាំងឆ្នាំនេះ ត្រូវបានរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (រ.ទ.ស.ភ) អំពាវនាវឲ្យមានការយោគយល់ និងអធ្យាស្រ័យ ខណៈតម្រូវការប្រើប្រាស់បានកើនឡើងរហូតដល់ជាង៨៩ម៉ឺនម៉ែត្រគូប ក្នុងមួយថ្ងៃប៉ុន្តែសមត្ថភាពផ្គត់ផ្គង់ទឹកបច្ចុប្បន្នបានត្រឹម ៦៤ម៉ឺនគូប ក្នុងមួយថ្ងៃប៉ុណ្ណោះ។ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (រ.ទ.ស.ភ) បានឱ្យដឹងថា នៅដើមខែឧសភា ខាងមុខនេះ សមត្ថភាពនៃការផ្គត់ផ្គង់ទឹក នឹងកើនឡើងដល់ ៨៤ម៉ឺនម៉ែត្រគូប ក្នុងមួយថ្ងៃ ហើយសមត្ថភាពផ្គត់ផ្គង់នេះ នឹងបន្តកើនឡើងរហូតដល់ជាង ១លានម៉ែត្រគូប ក្នុងមួយថ្ងៃ នៅដើមឆ្នាំ ២០២៤ ខណៈដែលតម្រូវការប្រើប្រាស់ទឹកត្រូវបានព្យាករថានឹងមានប្រមាណជាង ៩០ម៉ឺនម៉ែត្រគូប ក្នុងមួយថ្ងៃ។ យោងតាមសេចក្តីជូនដំណឹងរបស់ រ.ទ.ស.ភ ស្ដីពីស្ថានភាពផ្គត់ផ្គង់ទឹកក្នុងរដូវប្រាំងឆ្នាំ២០២៣ និងដំណោះស្រាយ នៅថ្ងៃទី ២៣ខែមីនា ឆ្នាំ ២០២៣នេះ បានឲ្យដឹងថា ចាប់ពីដើមខែកុម្ភៈ ដល់ខែមីនា ឆ្នាំ២០២៣ នេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានទទួល ព័ត៌មានអំពីការមិនពេញចិត្តរបស់អតិថិជន ពាក់ព័ន្ធនឹងបញ្ហាខ្វះទឹកប្រើប្រាស់, ទឹកមានសម្ពាធខ្សោយ, និងគ្មាន ទឹកក្នុងបណ្តាញទឹក ដែលភាគច្រើនកើតឡើងនៅតាមបណ្ដាសង្កាត់ស្ថិតនៅជាយរាជធានីភ្នំពេញ។ រ.ទ.ស.ភ បានលើកឡើងថា ខ្លួននឹងធ្វើការដោះស្រាយបញ្ហាខ្វះទឹកស្អាតប្រើប្រាស់បាន ក្នុងលក្ខណៈជាប្រព័ន្ធ និងជាជំហានៗ ចាប់ពីខែឧសភា ឆ្នាំ២០២៣ និងបានអំពាវនាវឱ្យជួយសន្សំសំចៃទឹកស្អាត ដើម្បីចែករំលែកទឹកទៅដល់អតិថិជនផ្សេងទៀត ជាពិសេសអតិថិជនរស់នៅក្នុងតំបន់ជាយក្រុង៕