ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា នឹងពង្រីកជើងហោះហើរជាមួយប្រទេសប្រទេសចិនឱ្យបានដល់៣០០ជើងក្នុងមួយសប្តាហ៍ ដើម្បីឆ្លយតបចំពោះតម្រូវការកំណើនភ្ញៀវទេសចរណ៍ចិនដែលចូលមកទស្សនាកម្ពុជា។ នៅក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតកាលពីថ្ងៃទី២២ ខែមីនា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានមានប្រសាសន៍ថា រដ្ឋាភិបាលកម្ពុជារំពឹងទុកថា កំណើនភ្ញៀវទេសចរណ៍ចិន នឹងចូលមកទស្សនាកម្ពុជាចាប់ពី៣ទៅ៥លាននាក់ក្នុងមួយឆ្នាំតាមរយៈការពង្រីកជើងហោះហើររវាងប្រទេសចិន និងកម្ពុជាឱ្យបានដល់ ៣០០ជើងក្នុងមួយសប្តាហ៍។
សម្តេចនាយករដ្ឋមន្ត្រីកម្ពុជាបានមានប្រសាសន៍លើកឡើងថា ប្រទេសកម្ពុជាធ្លាប់បានទទួលទេសចរចិនជាង២លាននាក់ក្នុងមួយឆ្នាំនៅមុនពេលមានកូវីដ-១៩ខណៈក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិនកាលពីពេលថ្មីៗនេះសម្ដេច និងប្រធានាធិបតីចិន បានពិភាក្សាក្នុងការបើកច្រកទេសចរណ៍ចិនមកកាន់កម្ពុជាបន្ថែមទៀត។ ជាមួយគ្នានេះសម្តេចតេជោ ហ៊ុន សែន បានចាត់ទុកភ្ញៀវទេសចរចិនចូលមកកម្ពុជាចំនួនចាប់ពី៣ទៅ៥លាននាក់ក្នុងមួយឆ្នាំគឺជាការល្អ៕