នៅព្រឹកថ្ងៃទី២១ ខែមីនា នេះ ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករ បានមកទស្សនាព្រឹត្តិការណ៍ពិសេសថ្ងៃរះចំកំពូលកណ្ដាលនៃប្រាសាទអង្គរវត្ត ដែលចំថ្ងៃដែលព្រះមហាក្សត្រសម្តេចយាង ជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីប្រោសព្រះរាជទានព្រះអគ្គីជ័យកីឡាសម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ្យទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣។ បើតាមសេចក្ដីរាយការណ៍បានឲ្យដឹងថា នៅក្នុងព្រឹត្តិការណ៍នេះ ភ្ញៀវទេសចរណ៍ម្នាក់ៗ ក្នុងមនោសញ្ចេតនារំភើបរីករាយ បានខិតខំសម្រិតសម្រាំងផ្ដិតយករូបភាពថ្ងៃរះចំកំពូលប្រាសាទដែលជាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយនេះ។
បើតាមក្រសួងទេសចរណ៍ បាតុភូតព្រះអាទិត្យរះចំកណ្តាលកំពូលប្រាសាទអង្គរវត្ត (EQUINOX) កើតឡើងជារៀងរាល់ឆ្នាំ។ ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះស្តែងឲ្យឃើញពីអច្ឆរិយភាពនៃប្រាសាទ អង្គរវត្ត ដែលបុព្វបុរសខ្មែរបានកសាងឡើងដោយមានការគិតគូរអំពីស្ថាបត្យកម្ម និងការផ្សារភ្ជាប់ជាមួយនឹងធម្មជាតិរវាងផែនដី និងព្រះអាទិត្យយ៉ាងច្បាស់លាស់គួរស្ញប់ស្ញែងជាទីបំផុត។
ក្រសួងបញ្ជាក់ថា នៅឆ្នាំ២០២៣ បាតុភូតព្រះអាទិត្យរះចំកណ្តាលកំពូលប្រាសាទអង្គរវត្ត អាចនឹងកើតឡើងនៅចន្លោះថ្ងៃទី២០ ដល់ថ្ងៃទី២៣ ខែមីនា ចាប់ពីម៉ោង៥ និង៣០នាទីព្រឹក ដល់ម៉ោង៧ព្រឹក ដែលជារៀងរាល់ឆ្នាំតែងមានភ្ញៀវទេសចរជាតិ-អន្តរជាតិរាប់ម៉ឺននាក់បានចូលរួមទស្សនា និងផ្តិតយករូបភាពព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ។
អាជ្ញាធរជាតិអប្សរាបានឲ្យដឹងដែរថា ព្រឹត្តិការណ៍ពិសេស គឺថ្ងៃរះចំកំពូលកណ្ដាលនៃប្រាសាទអង្គរវត្ត ឬហៅថា "សមរាត្រី" សម្រាប់ឆ្នាំ ២០២៣ នេះ កើតមាននៅថ្ងៃទី២១ ខែមីនា។ "សមរាត្រី" ន័យសាមញ្ញ គឺរយៈពេលថ្ងៃ និងយប់ស្មើគ្នាត្រូវនឹងព្រឹត្តិការណ៍ព្រះអាទិត្យរះនៅចំកំពូលកណ្ដាលនៃប្រាសាទអង្គរវត្ត ដែលគេអាចមើលឃើញច្បាស់ពីគុកតារាជ។ រៀងរាល់មានព្រឹត្តិការណ៍សមរាត្រីនេះម្ដងៗ គេតែងសង្កេតឃើញមានភ្ញៀវទេសចរជាតិ និងអន្តរជាតិ រាប់ម៉ឺននាក់បានចូលរួមទស្សនា និងផ្ដិតយកនូវរូបភាពដ៏អស្ចារ្យ និងដ៏កម្រនេះ នៅខាងមុខប្រាសាទ អង្គរវត្តយ៉ាងច្រើនកុះករផងដែរ៕